វិមានរដ្ឋសភា៖ កម្មវិធី «សភាត្រាប់» (Mock Parliament) សម្រាប់យុវជន ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងកិច្ចការសង្គម និងនយោបាយ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និង គណៈកម្មការទី៨ សហការជាមួយទីភ្នាក់ងារ អង្គការសហប្រជាជាតិ រៀបចំឡើងជាផ្លូវការនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ។
ក្នុងប្រសាសន៍បើកកម្មវិធី ឯកឧត្តម វង សូត បានលើកឡើងថា យុវជនគឺជា «មូលដ្ឋានគ្រឹះនៃភាពធន់របស់ជាតិ» ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងជះឥទ្ធិពលដល់សន្តិសុខស្បៀង និងថាមពល ។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា យុវជនគឺជាសសរស្ដម្ភ និងជាខឿនការពារជាតិដ៏សំខាន់ ដើម្បីទប់ទល់នឹងការឈ្លានពានពីបរទេស និងការពារបូរណភាពទឹកដី ។
ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី២ បានសង្កត់ធ្ងន់ថា យុវជនមិនមែនត្រឹមតែជាអ្នកទទួលផលពីគោលនយោបាយសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាតួអង្គដ៏សំខាន់ក្នុងការចូលរួមបង្កើតគោលនយោបាយទាំងនោះ ។ ឯកឧត្តមបានជំរុញឱ្យយុវជនមានភាពក្លាហាន និងមោះមុតក្នុងការបង្ហាញ សក្តានុពល ដោយត្រូវចងចាំថា គំនិតរបស់ពួកគេពិតជាមានសារៈសំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ។ ដោយឡែក ពាក់ព័ន្ធនឹងរបាំងយេនឌ័រ ឯកឧត្តមបានកត់សម្គាល់ថា បន្ទុកកិច្ចការផ្ទះដែលមិនទទួលបានកម្រៃ នៅតែជាឧបសគ្គរារាំងដល់ការបញ្ចេញសក្តានុពលរបស់ស្ត្រី ។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យស្ត្រីបន្តពង្រឹងសមត្ថភាព និងភាពជឿជាក់លើខ្លួនឯង ដើម្បីឈរជើងជាអ្នកដឹកនាំ ទោះបីជាមានបញ្ហាប្រឈមសេសសល់ក៏ដោយ ។
លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីនេះមានយុវជនចូលរួមចំនួន ៨០នាក់ ដែលក្នុងនោះមានយុវតីរហូតដល់ ៧០ភាគរយ (៥៦នាក់) ។ លោកស្រីបានកត់សម្គាល់ថា ទោះបីជាមានវឌ្ឍនភាព ប៉ុន្តែអាសនៈស្ត្រីក្នុងរដ្ឋសភានៅមានកម្រិតត្រឹម ១៣,៦ភាគរយប៉ុណ្ណោះ ។
អង្គការសហប្រជាជាតិបានអំពាវនាវឱ្យកម្ពុជា «យល់សប្តិឱ្យធំជាងមុន» ដើម្បីឆ្ពោះទៅរកគោលដៅសមភាព ៥០/៥០ ក្នុងប្រព័ន្ធធ្វើសេចក្តីសម្រេចចិត្ត ។ លោកស្រីបន្ថែមថា ការបញ្ចេញសក្តានុពលរបស់ស្ត្រី និងកុមារី គឺជាកត្តាមូលដ្ឋានសម្រាប់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
តាមរយៈកម្មវិធី «សភាត្រាប់» រយៈពេលមួយថ្ងៃកន្លះនេះ យុវជននឹងត្រូវដើរតួជាសមាជិករដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីអនុវត្តជាក់ស្តែងនូវនីតិវិធីពិភាក្សា និងអនុម័ត «ច្បាប់ស្តីពីរបបសន្តិសុខសង្គម» ។ ក្រៅពីដំណើរការច្បាប់ យុវជនក៏នឹងជជែកវែកញែកលើប្រធានបទអាទិភាពចំនួន ៣ រួមមាន៖
• ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពអាកាសធាតុ និងបរិស្ថាន ។
• សុខភាព និងសុវត្ថិភាពការងារសម្រាប់ស្ត្រីក្នុងរោងចក្រ ។
• ការបញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី ។
កម្មវិធីនេះទទួលបានការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ UN Women, UNFPA និងក្រសួងសមភាពយេនឌ័រ និងគ្រួសារនៃសាធារណរដ្ឋកូរ៉េ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស្អិតរមួត ក្នុងកិច្ចការលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងយុវជននៅកម្ពុជា ៕រក្សាសិទ្ធដោយ៖សុទ្ធលី










