របាយការណ៍វឌ្ឍនភាពនេះ បានបង្ហាញថា តាមរយៈចលនាចេញនិងចូល ចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ មានបងប្អូនអតីតពលករ និងប្រជាពលរដ្ឋខ្មែរចំនួនប្រមាណ ៧៧ម៉ឺននាក់ បានកំពុងបន្តរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ហើយត្រូវបានក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត រួមគ្នាផ្តល់ការគាំពារ និងអន្តរាគមន៍យ៉ាងសកម្ម។ ជាក់ស្តែង មានបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ចំនួនប្រមាណ ៦៥ម៉ឺននាក់ ទទួលបានការងារធ្វើ ក្នុងនោះអ្នកទទួលបានការងារក្នុងប្រព័ន្ធ តាមរយៈយន្តការរបស់ក្រសួង មានប្រមាណ ៣៤ម៉ឺននាក់ និងតាមការប៉ាន់ស្មានមាន ៣១ម៉ឺននាក់ផ្សេងទៀត បានផ្សាំខ្លួនទៅនឹងជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម អាហារដ្ឋាន លក់ដូរ និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ជាមួយគ្នានេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងរៀបចំផែនការ និងពង្រឹងកិច្ចសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមនិយោជក វិស័យឯកជន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាពអន្តរាគមន៍ដែលបានដាក់ចេញកន្លងមក និងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមទៀត រួមមាន ការពង្រឹងយន្តការប្រមូលព័ត៌មានឱកាសការងារ ការបង្កើនយុទ្ធនាការផ្សព្វផ្សាយព័ត៌មានឱកាសការងារ ការរៀបចំវេទិកាការងារនៅតាមមូលដ្ឋាន ការជួយចុះឈ្មោះស្វែងរកការងារតាមរយៈទូរសព្ទលេខ ១២៩៧ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលមានភាពបត់បែនអាចបង្កើតមុខរបរនៅក្នុងមូលដ្ឋាន ការធ្វើតេស្តទទួលស្គាល់ជំនាញផ្នែកសំណង់ដល់បងប្អូនអតីតពលករផ្នែកសំណង់ ការពង្រីកឱកាសទីផ្សារការងារក្រៅប្រទេស ការបង្ការការឆ្លងដែនដោយប្រថុយប្រថាន និងការបន្តគាំពារពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


