ភ្នំពេញ ៖ ជនជាតិចិនជាច្រេីននាក់ផ្ទុះការតវ៉ាបិទផ្លូវមុខធនាគារជាតិ ដោយទាមទារឲ្យជួយដោះស្រាយពាក់ព័ន្ធនឹងធនាគារ Huione & H Pay ដេីម្បីដោះស្រាយយកលុយពួកគាត់មកវិញ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះទៅដល់ទីតាំងខាងលេី និងបានឲ្យជនជាតិចិនទាំងនោះ ធ្វេីការបេីកផ្លូវឡេីងវិញផងដែរ។
អតិថិជនចិនរបស់ ហួយវ័ន ផេ (Huione Pay) បានប្រមូលផ្តុំគ្នានៅមុខធនាគារជាតិ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ដើម្បីស្វែងរកការអន្តរាគមន៍ក្នុងការទាមទារយកប្រាក់ដែលបាត់បង់ បន្ទាប់ពីធនាគារកណ្តាលកម្ពុជាបានលើកឡើងថា ការទាមទារយកមកវិញទំនងជាមិនកើតឡើងពីក្រុមហ៊ុនដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលអាជ្ញាប័ណ្ណរបស់វាត្រូវបានដកហូតជាងមួយឆ្នាំមុន។
ធនាគារជាតិនៃកម្ពុជា បានប្រកាសដកហូតអាជ្ញាបណ្ណរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ (HUIONE PAY PLC.) ជាផ្លូវការ ដោយផ្អែកលើលិខិតចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ព័ត៌មានសំខាន់ៗជុំវិញការផ្អាកនេះរួមមាន៖
មូលហេតុ: ការដកហូតនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Huione Pay បានប្រកាសបិទសេវាកម្មជាបណ្ដោះអាសន្ន និងមានការដកប្រាក់មិនបានរបស់អតិថិជនជាច្រើន ក្រោយពីក្រុមហ៊ុនប្តូរឈ្មោះមកជា H-Pay និងជាប់ពាក់ព័ន្ធនឹងបញ្ហាលំហូរសាច់ប្រាក់ ។
ធនាគារជាតិនៃកម្ពុជា បានប្រកាសនារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះថា គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក(HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាបណ្ណធ្វើប្រតិបត្ដិការ យោងតាមលិខិតចុះតាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា និងបានបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ចប់ជាស្ថាពរ ដោយក្រុមហ៊ុនសវនកម្ម រីចឆ៍ & ផាតនើរ(REACHS & PARTNERS Co.,Ltd)។ ក្នុងន័យនេះរាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល(ដែលក្នុងនោះរួមមានអតិថិជនផងដែរ)របស់គ្រឹះស្ថាននេះ ត្រូវបានបំពេញចប់សព្វគ្រប់រួចរាល់ស្របតាមនីតិវិធីច្បាប់។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់បន្តថា ដោយមើលឃើញពីសកម្មភាព ចរាចរ ទិញ លក់ ឬទូទាត់ទ្រព្យសកម្មគ្រីបតូ ដែលមិនត្រឹមត្រូវស្របតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្ដីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ និងសេចក្ដីថ្លែងការណ៍របស់ស្ថាប័នពាក់ព័ន្ធ, ធនាគារជាតិបានក្រើនរំឭកឱ្យសាធារណជន និងគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូទាំងនេះ ដ្បិតថា មកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្ដល់សេវាពាក់ព័ន្ធ នឹងទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ៕រក្សាសិទ្ធដោយ៖សុទ្ធលី





