ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយគោរពប្រតិបត្តិតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការធានាផ្តល់នូវសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរអន្តរជាតិ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រួមជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យស្រាវជ្រាវពីបណ្តឹងរបស់ភ្ញៀវទេសចរជប៉ុនជាគូស្វាមីដែលបានអញ្ជើញមកកំសាន្តនៅរាជធានីភ្នំពេញ និងបានប្រើប្រាស់សេវាកម្មម៉ាស្សានៅហាងមួយកន្លែងពុំទាន់បានលើកផ្លាកឈ្មោះ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ តាមរយៈរបាយការណ៍ពីសមត្ថកិច្ច ភ្ញៀវទេសចរជប៉ុនទាំងពីរនាក់ប្តីប្រពន្ធ បានបាត់ថវិកាចំនួន២០,០០០យ៉េន ស្មើនឹង ១២៥ដុល្លារអាម៉េរិកតែប៉ុណ្ណោះ គឺពុំបានអស់ដល់២,០០០ដុល្លារអាម៉េរិក ដូចតាមព័ត៌មានបឋមដែលបានចុះផ្សាយកន្លងមកនោះទេ។
សូមជម្រាបជូនបន្ថែមថា តាមរយៈចំណាត់ការដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ហាងម៉ាស្សាខាងលើ ត្រូវបានបញ្ជាបិទជាបណ្តោះអាសន្ន ដោយសមត្ថកិច្ចកំពុងតាមស្រាវជ្រាវស្វែងរកម្ចាស់អាជីវកម្មដែលបានរត់គេចខ្លួន យកមកផ្តន្ទាទោសចំពោះមុខច្បាប់ និងជាគម្រូអំពីការពង្រឹងនូវគុណភាពសេវាកម្ម ក៏ដូចជាសារដ៏មុតស្រួច និងជាក់ច្បាស់ៗ ថា “ក្រសួងទេសចរណ៍សហការជាមួយអាជ្ញាធរដែនដី នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងលើប្រតិបត្តិករទេសចរណ៍ណាដែលមិនបានបំពេញសេវាកម្មស្តង់ដារ ឬ ល្មើសនឹងច្បាប់ស្តីពីទេសចរណ៍ ព្រមទាំងច្បាប់ផ្សេងៗ ដែលមានជាធរមាន”៕រក្សាសិទ្ធដោយ៖សុទ្ធលី









