ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលបានដាក់ចេញ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីជំរុញបរិវត្តកម្មឌីជីថលឱ្យក្លាយជាកម្លាំង ចលករថ្មីមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៃការផ្តល់សេវាសាធារណៈសម្រាប់វិស័យទេសចរណ៍

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ក្រោមប្រធានបទ«របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាជាតិ ទាំងឡាយនៅលើពិភពលោក ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។
សម្រាប់ឆ្នាំ២០២៦នេះ ទិវាទេសចរណ៍ពិភពលោក ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ» (Digital Agenda and Artificial Intelligence to Redesign Tourism) ដែលជាប្រធានបទមួយប្រកបដោយអត្ថន័យនិងមានភាពទាន់ពេលវេលា ស្របពេលដែលបច្ចេកវិទ្យា ឌីជីថល បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ កំពុងវិវត្តទៅយ៉ាងឆាប់រហ័ស ជាពិសេសបានក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការផ្លាស់ប្ដូររបៀបរបបរស់នៅ របៀបធ្វើធុរកិច្ច ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៅទូទាំងពិភពលោក។
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិកម្ពុជាទាំងមូល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះអង្គការទេសចរណ៍សហប្រជាជាតិ(UN Tourism) ក៏ដូចជាបណ្តាប្រទេសនៅសកលលោក រដ្ឋជាសមាជិក អង្គការជាតិនិងអន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដែលបាននិង កំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ពិភពលោកឱ្យកាន់តែមានភាពធន់ បរិយាបន្ន ចីរភាព និងអាចសម្របខ្លួនទៅនឹងបរិបទថ្មី។ ប្រធានបទឆ្នាំនេះ ក៏បានបង្ហាញយ៉ាងច្បាស់ថា ការផ្លាស់ប្ដូររបស់ពិភពលោក ក្នុងយុគសម័យឌីជីថល មិនមែនជារឿងអនាគតទៀតឡើយ ប៉ុន្តែជាការពិតដែលកំពុងកើតមាននៅចំពោះមុខ យើងទាំងអស់គ្នា។ ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត ទិន្នន័យធំ ស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាឆ្លាតវៃ បាននិងកំពុង បង្កើតទាំងកាលានុវត្តភាពថ្មីៗ និងបញ្ហាប្រឈមថ្មីៗសម្រាប់គ្រប់ប្រទេសនិងគ្រប់វិស័យ។

កន្លងមក កម្ពុជាបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន និងបានប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់ រងគ្រោះដោយសង្គ្រាម និងការបែកបាក់ ឱ្យក្លាយទៅជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ។ សន្តិភាពមិនត្រឹមតែបានផ្តល់ឱ្យយើងនូវឱកាសកសាងប្រទេស ឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាមូលដ្ឋានគ្រឹះដ៏ចម្បងបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការទាក់ទាញ ការវិនិយោគ ការបង្កើតការងារ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជាពិសេសការអភិវឌ្ឍវិស័យទេសចរណ៍។ គ្មានសន្តិភាព គ្មានស្ថិរភាព គ្មានសន្តិសុខ ហើយក៏គ្មានទេសចរណ៍ប្រកបដោយចីរភាពឡើយ ដែលស្របទៅតាមមាគ៌ា ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា “អរគុណសន្តិភាព មានសន្តិភាព ទើបមានអ្វីៗទាំងអស់ និងស្របតាមទិសស្លោក “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំធ្លាប់បានដាក់ចេញនាពេលកន្លងមក។

ដោយឈរលើមូលដ្ឋានដ៏រឹងមាំនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងបន្តបេសកកម្មជា ប្រវត្តិសាស្ត្រ ដោយប្តេជ្ញាបន្តរក្សាឱ្យបាននូវសមិទ្ធផលដ៏ថ្លៃថ្លានៃសន្តិភាព ស្ថិរភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ឱ្យឈានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយ ចីរភាពនិងបរិយាបន្ន។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតលើអាទិភាព គន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។ ក្នុងនោះ ការអភិវឌ្ឍមូលធន មនុស្ស ការធ្វើពិពិធកម្ម ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន ជាពិសេស ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ព្រមទាំងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល គឺជា អាទិភាពដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍវិស័យទេសចរណ៍។

នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងស្មុគស្មាញ ដូចជាភាពមិន ប្រាកដប្រជានៃសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ការប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យា និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត បានជំរុញធ្វើឱ្យភាពធន់ សមត្ថភាពបត់បែន បានលឿន និងការត្រៀមខ្លួនឆ្លើយតបបានទាន់ពេលវេលា កាន់តែក្លាយជាកត្តាចាំបាច់សម្រាប់ការរក្សាកំណើន ប្រកបដោយចីរភាព និងឧត្តមភាពប្រកួតប្រជែងក្នុងរយៈពេលវែង។ ដោយមើលឃើញនូវនិន្នាការនេះ នាពេលកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញ “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥-និង “គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ដើម្បីជំរុញបរិវត្តកម្មឌីជីថលឱ្យក្លាយជាកម្លាំង ចលករថ្មីមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈសម្រាប់វិស័យទេសចរណ៍ ការប្រែប្រួលអាកប្បកិរិយារបស់អ្នកប្រើប្រាស់ តម្រូវការទីផ្សារ និងការវិវត្តយ៉ាង ឆាប់រហ័សនៃឧស្សាហកម្មទេសចរណ៍ បានបង្កើតទាំងកាលានុវត្តភាពថ្មីៗ និងបញ្ហាប្រឈមថ្មីៗ ពីព្រោះបច្ចេកវិទ្យា ឌីជីថលនិងបញ្ញាសិប្បនិម្មិត កំពុងផ្លាស់ប្តូរខ្សែច្រវាក់បទពិសោធទេសចរណ៍ទាំងមូល ចាប់តាំងពីការស្វែងរកព័ត៌មាន ការជ្រើសរើសគោលដៅ និងការរៀបចំផែនការធ្វើដំណើរ រហូតដល់ការកក់ ការធ្វើដំណើរ ការទូទាត់ ការទទួលសេវាកម្ម និងការចែករំលែកបទពិសោធក្រោយបញ្ចប់ដំណើរទស្សនកិច្ច។ ក្នុងគោលដៅនេះ បច្ចេកវិទ្យាត្រូវបានក្លាយជា មធ្យោបាយដែលជួយសម្របសម្រួលដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល រលូន សុវត្ថិភាព និង ប្រកបដោយគុណភាព ចាប់ពីមុនពេលមកដល់ អំឡុងពេលស្នាក់នៅ រហូតដល់ការបញ្ចប់ដំណើរទស្សនកិច្ច។

លើសពីនេះ បច្ចេកវិទ្យាក៏ជាឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់ពង្រឹងការប្រមូលនិងការវិភាគទិន្នន័យ ការព្យាករនិន្នាការទីផ្សារ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ និងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ព្រមទាំងការបែងចែកធនធានឱ្យកាន់តែមានប្រសិទ្ធភាពនិងចំគោលដៅ។

ទន្ទឹមនឹងកាលានុវត្តភាពខាងលើ បច្ចេកវិទ្យាឌីជីថលក៏បាននាំមកនូវហានិភ័យនិងបញ្ហាប្រឈមនានាដែល គប្បីទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មានជាអាទិ៍គម្លាតឌីជីថល សន្តិសុខសាយប័រ ការការពារទិន្នន័យ និងឯកជនភាព ព័ត៌មានក្លែងក្លាយ និងការមិនមានលទ្ធភាពស្មើគ្នាក្នុងការទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យា។ ក្នុងន័យនេះ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត ត្រូវផ្អែកលើគោលការណ៍ដែលផ្តោតលើមនុស្ស បរិយាបន្ន សុវត្ថិភាព តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ។

ដើម្បីជាការចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៦ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូម ធ្វើការអំពាវនាវដូចខាងក្រោម៖

១- វិស័យទេសចរណ៍ ត្រូវចាប់យកកាលានុវត្តភាពពីបច្ចេកវិទ្យាថ្មី ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និង ពង្រីកទីផ្សារកម្ពុជាទៅកាន់ពិភពលោក។ ក្នុងន័យនេះ ការធ្វើឌីជីថលូបនីយកម្មព័ត៌មានអំពីគោលដៅទេសចរណ៍ បេតិកភណ្ឌវប្បធម៌ សិល្បៈ ម្ហូបអាហារ និងផលិតផលសហគមន៍ទេសចរណ៍ នឹងជួយភ្ជាប់សក្តានុពលនានានៅ តាមមូលដ្ឋានទៅកាន់ទីផ្សារជាតិនិងអន្តរជាតិ ឱ្យបានកាន់តែឆាប់រហ័សនិងទូលំទូលាយ។

២- ការអភិវឌ្ឍទេសចរណ៍ក្នុងយុគសម័យថ្មី ត្រូវផ្តោតលើការពង្រឹងធនធានមនុស្សលើជំនាញឌីជីថល ការពង្រឹងគុណភាពសេវាកម្ម ការបង្កើនការតភ្ជាប់ និងការបង្កើតបរិយាកាសអំណោយផលដែលផ្តល់ទំនុកចិត្ត និង ភាពងាយស្រួលដល់ភ្ញៀវទេសចរ វិនិយោគិន និងប្រតិបត្តិករទេសចរណ៍។

៣- អាជីវកម្មទេសចរណ៍ខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSMEs) រួមទាំងអាជីវកម្មគ្រួសារ សិប្បករ និងសហគមន៍ទេសចរណ៍ ត្រូវបានជំរុញឱ្យចូលរួមនៅក្នុងដំណើរការបរិវត្តកម្មឌីជីថលនេះ។ ដូច្នេះ ការពង្រឹង សមត្ថភាពឌីជីថល និងទីផ្សារឌីជីថល នឹងជួយពង្រីកឱកាសអាជីវកម្ម បង្កើនចំណូល បង្កើតឱកាសការងារ និង ធានាថា ផលប្រយោជន៍ពីវិស័យទេសចរណ៍ ត្រូវបានចែករំលែកទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែ ទូលំទូលាយ និងប្រកបដោយបរិយាបន្ន។

៤- ទោះបីបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត កំពុងផ្លាស់ប្តូរវិស័យទេសចរណ៍យ៉ាងឆាប់រហ័សក៏ដោយ ក៏អត្តសញ្ញាណ “ភាពជាខ្មែរ» នៅតែជាឧត្តមភាពដែលមិនអាចជំនួសបាន។ ស្នាមញញឹម ភាពរួសរាយរាក់ទាក់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ បេតិកភណ្ឌ និងសម្រស់ធម្មជាតិ គឺជាអត្តសញ្ញាណដ៏មានតម្លៃ ដែលជាចំណុចខ្លាំង និងទាក់ទាញរបស់កម្ពុជា។ ក្នុងន័យនេះ បច្ចេកវិទ្យាត្រូវដើរតួនាទីជាកម្លាំងជំរុញ ដើម្បីនាំកម្ពុជាខិតឱ្យកាន់តែជិតនឹង ពិភពលោក ខណៈដែលអត្តសញ្ញាណជាតិនិងគុណតម្លៃដ៏ប្រពៃរបស់ខ្មែរ ត្រូវបន្តរក្សាជាបេះដូងនៃបទពិសោធ ទេសចរណ៍កម្ពុជា ដែលនឹងស្ថិតនៅក្នុងការចងចាំដ៏យូរអង្វែងសម្រាប់ភ្ញៀវទេសចរ។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តផ្តល់អាទិភាពដល់ការកសាងមូលដ្ឋានសេដ្ឋកិច្ច និងសង្គមឌីជីថល ការលើកកម្ពស់ទេសចរណ៍ឌីជីថល ការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ សម្រាប់វិស័យទេសចរណ៍ អាទិភាពទាំងនេះត្រូវតភ្ជាប់យ៉ាងស៊ីចង្វាក់ ជាមួយការអភិវឌ្ឍគោលដៅទេសចរណ៍ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការលើកកម្ពស់គុណភាពសេវាកម្ម និងការពង្រីកទីផ្សារ ដើម្បីជំរុញកំណើននៃលំហូរភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការក្រសួងទេសចរណ៍ ជាពិសេសមហាគ្រួសារវិស័យទេសចរណ៍ ក្រោមអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គ តែមួយ ដោយឈរលើស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម រវាងក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្នែកឯកជន ស្ថានឯកអគ្គរដ្ឋទូតនិងស្ថានអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍ ស្ថានឯកអគ្គរាជទូតកម្ពុជានិងកុងស៊ុលកម្ពុជានៅបរទេស បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន បងប្អូន ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលជានិច្ចកាលបានចូលរួមគាំទ្រ សហការ និងផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អ ស្អិតរមួត ស៊ីជម្រៅ និងប្រទាក់ក្រឡាគ្រប់ភាគីពាក់ព័ន្ធ ដែលបានប្រមូលផ្តុំជាសហថាមពលទាំងផ្នែកស វិស័យឯកជន ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាពនិងបរិមាណ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យកម្ពុជាបន្តជាគោលដៅទេសចរណ៍ដែលប្រកបដោយ សុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយភាពកក់ក្តៅ ស្នាមញញឹម និងស័ក្តិសមជាព្រះរាជាណាចក្រអច្ឆរិយៈ។រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>