Tuesday, April 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA បានផ្តល់នូវគម្រោងហិរញ្ញប្បទានឥតសំណងជាច្រើនគម្រោង ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព

ក្រុងតូក្យូ៖ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុង សកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
 
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងពីទីក្រុងតូក្យូមកថានៅក្នុងកិច្ចពិភាក្សាការងារជាមួយលោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ជាដំបូងឯកឧត្តមអភិបាលរាជធានីបានថ្លែងអំណរគុណជូនចំពោះលោកជំទាវអភិបាលក្រុងតូក្យូ ដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G-NETS និងបានផ្តល់កិត្តិយសទទួលជួប ពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញជាពេលនេះ។ ឯកឧត្តមអភិបាលក៏បានជម្រាប ជូនលោកជំទាវអំពីស្ថានភាពរបស់រាជធានីភ្នំពេញចាប់តាំងពីពេលកកើតរហូតដល់ពេលបច្ចុប្បន្ន ជាពិសេស អំពីការកសាងអភិវឌ្ឍន៍រាជធានី ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាថ្នាក់ដឹកនាំបន្តវេន វ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាននឹងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែរក្សា សន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ដើម្បីធានាដល់ការអភិវឌ្ឍជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃ។
  ឯកឧត្តមអភិបាលក៏បានជម្រាបជូនបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងចរាចរណ៍ និងការរក្សាអនាម័យនៅតាមបណ្តោយដងទន្លេផងដែរ សម្តៅធ្វើយ៉ាងណាឲ្យ  រាជធានីភ្នំពេញមានសោភណភាពស្រស់ស្អាត បរិយាកាសរស់នៅល្អ និងមានភាពធន់ទៅនឹងគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទីក្រុងតាមបែបឆ្លាតវៃ តាមរយៈការបំពាក់នូវកាមេរ៉ាឆ្លាតវៃនៅតាមដងផ្លូវ ដែលមានសមត្ថភាពខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ទីក្រុង។  កិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងលើក៏ត្រូវបានចូលរួមចំណែកយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA ដែលបានផ្តល់នូវគម្រោងហិរញ្ញប្បទានឥត សំណងជាច្រើនគម្រោង ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។
  ជាកិច្ចឆ្លើយតប លោកជំទាវអភិបាលក្រុងតូក្យូបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៣ របស់ G-NETS ជាពិសេសក្នុងជំនួបពិភាក្សាការងារក្នុងពេលនេះ។ លោកជំទាវអភិបាលក្រុងតូក្យូក៏បានជម្រាបជូនឯកឧត្តមអភិបាលរាជធានីភ្នំពេញអំពីគោលបំណងដែលទីក្រុងតូក្យូបង្កើតឱ្យមានព្រឹត្តិការណ៍ G-NETS ចាប់តាំងពីឆ្នាំ២០២២ មក គឺដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកា នេះដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន ហើយលោកជំទាវសង្ឃឹមថារដ្ឋបាលរាជធានីភ្នំពេញអាចការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនជាមួយបណ្តាទីក្រុងជាសមាជិកផ្សេងទៀត ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតទាក់ទងនឹងការដោះស្រាយគ្រោះមហន្តរាយ ពីការចូលរួមក្នុងកម្មវិធីនេះ។ ជាទីបញ្ចប់លោកជំទាវបានជូនពរឱ្យការស្នាក់នៅ និងបំពេញទស្សនកិច្ចរបស់ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទទួលបានជោគជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×