Tuesday, April 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB ពង្រីកប្រតិបត្តិការដល់ ២៩,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិកលានដុល្លារ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ៖ ក្នុងឆ្នាំ២០២៥ ប្រាក់កម្ចី ហិរញ្ញប្បទានឥតសំណង ការវិនិយោគលើភាគហ៊ុន ការធានា និងជំនួយបច្ចេកទេស របស់ ADB ដែលផ្តល់ជូនរដ្ឋាភិបាល និងវិស័យឯកជន នៃប្រទេសជាសមាជិក បានកើនឡើង ២០% ឆ្នាំលើឆ្នាំ ដល់ ២៩,៣ ពាន់លានដុល្លារ ។ បន្ថែមពីលើចំនួននេះ គឺ ១៤,៧ ពាន់លានដុល្លារទៀត ដែលចូលរួមចំណែកពីដៃគូរបស់ ADB។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦បានអនុម័តផ្តល់ហិរញ្ញប្បទាន ២៩,៣ ពាន់លានដុល្លារពីធនធានរបស់ខ្លួនក្នុងឆ្នាំ ២០២៥ ព្រមទាំងជំរុញកំណែទម្រង់ស្ថាប័នសំខាន់ៗ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយការផ្លាស់ប្តូរ និងបង្វែរបញ្ហាប្រឈមទៅជាឱកាស។ របាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ ADB ដែលបានចេញផ្សាយនៅថ្ងៃនេះ សង្ខេប ទិន្នន័យប្រតិបត្តិការ ស្ថាប័ន និងហិរញ្ញវត្ថុរបស់ធនាគារក្នុងឆ្នាំ២០២៥ ដែលជាឆ្នាំប្រកបដោយភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់។

ប្រធាន ADB លោក Masato Kanda បានមានប្រសាសន៍ថា «ក្នុងឆ្នាំ២០២៥ ADB បានផ្តល់នូវ ទំហំនៃការគាំទ្រដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការកើនឡើង ២០% ធៀបនឹងឆ្នាំ២០២៤ និងផលជះរំពឹងទុកនៃការផ្តល់ការងារជាង ៣,៣ លានកន្លែង និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១៨០ លាននាក់។ នេះបង្ហាញពីសមត្ថភាពរបស់ ADB ក្នុងការផ្តល់ការគាំទ្រក្នុងទំហំ និងល្បឿនមួយដែលឆ្លើយតបនឹងតម្រូវការក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។»

ប្រាក់កម្ចី ហិរញ្ញប្បទានឥតសំណង ការវិនិយោគលើភាគហ៊ុន ការធានា និងជំនួយបច្ចេកទេស ដែលផ្តល់ជូនរដ្ឋាភិបាល និងវិស័យឯកជន បានកើនឡើង ២០% ឆ្នាំលើឆ្នាំ ដល់ ២៩,៣ ពាន់លានដុល្លារ ។ បន្ថែមពីលើចំនួននេះ គឺ ១៤,៧ ពាន់លានដុល្លារទៀត ដែលចូលរួមចំណែកពីដៃគូរបស់ ADB។

ការអភិវឌ្ឍវិស័យឯកជន គឺជាអាទិភាពដ៏សំខាន់សម្រាប់ ADB ក្នុងឆ្នាំ ២០២៥ ដែលមានទឹកប្រាក់ ៥,៥ ពាន់លានដុល្លារ នៃចំនួនសរុបដែល ADB បានអនុម័ត ហើយពាក់កណ្តាលនៃហិរញ្ញប្បទានដែលបានអនុម័តសម្រាប់វិស័យសាធារណៈគឺគាំទ្រដោយផ្ទាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធ កំណែទម្រង់ និងស្ថាប័ន ដើម្បីទាក់ទាញការវិនិយោគឯកជន។ ADB មានសមត្ថភាពនិងបទពិសោធន៍លេចធ្លោ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជន ដោយសារប្រតិបត្តិការរបស់ខ្លួនក្នុងវិស័យសាធារណៈ និងឯកជនត្រូវបានធ្វើសមាហរណកម្មជាដំណើរការប្រទាក់ក្រឡាគ្នា និងបញ្ចូលក្នុងតារាងតុល្យការរួមតែមួយ។

ADB បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨,៣ ពាន់លានដុល្លារសម្រាប់តំបន់អាស៊ីកណ្តាលខាងលិច (Central West Asia) ១,៤ ពាន់លានដុល្លារសម្រាប់តំបន់អាស៊ីបូព៌ា ៦៨០ លានដុល្លារសម្រាប់តំបន់ប៉ាស៊ីហ្វិក ៩,៧ ពាន់លានដុល្លារសម្រាប់តំបន់អាស៊ីខាងត្បូង និង ៩ ពាន់លានដុល្លារសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានថវិកាចំនួន ៣០២ លានដុល្លារសម្រាប់គម្រោងថ្នាក់តំបន់។ វិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន និងគ្រប់គ្រងវិស័យសាធារណៈ គឺជាវិស័យគន្លឹះបីនៃការផ្តល់ហិរញ្ញប្បទាននេះ។

ADB បានអនុម័តការកែទម្រង់សំខាន់ៗរបស់ស្ថាប័ននៅឆ្នាំ ២០២៥ ដើម្បីផ្តល់នូវការគាំទ្រប្រកបដោយគុណភាពខ្ពស់ និង មានគោលដៅច្បាស់លាស់ដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ។ ការកែទម្រង់ទាំងនោះរួមមាន៖

ការធ្វើវិសោធនកម្មលើធម្មនុញ្ញរបស់ ADB ដើម្បីដកចេញនូវដែនកំណត់នៃការផ្តល់ហិរញ្ញប្បទានរបស់ធនាគារ និងអនុញ្ញាតឱ្យមានការបង្កើនសមត្ថភាពផ្តល់ហិរញ្ញប្បទាន ៥០% ដោយមិនតម្រូវឱ្យមានការបង្កើនមូលធនទូទៅពីម្ចាស់ភាគហ៊ុន។
ការធ្វើបច្ចុប្បន្នភាពគោលនយោបាយថាមពលរបស់ខ្លួន ដើម្បីគាំទ្រកាន់តែប្រសើរ ដល់ការទទួលបាន និង សន្តិសុខថាមពល នៅក្នុងប្រទេសជាសមាជិកកំពុងអភិវឌ្ឍ។
ការកែសម្រួល នីតិវិធីលទ្ធកម្ម ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ ADB ចំពោះគុណភាព និរន្តរភាព និង ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា។
វិធីសាស្រ្តថ្មីមួយដើម្បីគាំទ្រដល់ខ្សែច្រវាក់តម្លៃគន្លឹះនៃដំណើរការទាំងមូល ចាប់ពីការទាញយកសារធាតុរ៉ែសំខាន់ៗ រហូតដល់ការប្រែក្លាយវាទៅជាផលិតផលសម្រេច (critical minerals-to-manufacturing value chains) ដើម្បីធ្វើមូលធននីយកម្មប្រកបដោយទំនួលខុសត្រូវ និងនិរន្តរភាពលើតម្រូវការសម្ភារៈដែលចាំបាច់សម្រាប់ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាឌីជីថល។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×