ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេស និង ប្រធានគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥។
តបតាមការអញ្ជើញរបស់ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេស ព្រុយណេដារូស្សាឡាម ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈ ប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីបានជា ស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេស និងប្រធានគណៈប្រតិភូ ពីបណ្តាប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប មួយចំនួនដូចខាងក្រោម៖
ក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តមបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះការបន្តរីកចម្រើន នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងសិង្ហបុរី។ ថ្នាក់ដឹកនាំ ទាំងពីរបានរំលឹកអំពីលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅប្រទេស សិង្ហបុរី ក្នុងខែមីនា ឆ្នាំ២០២៦ និងបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ី ជម្រៅបន្ថែមទៀតនូវចំណងទាក់ទងទ្វេភាគីដ៏យូរអង្វែង។
ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម Petr Macinka ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឆែក ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុង វិស័យសំខាន់ៗដែលជា ប្រយោជន៍រួម រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល ទេសចរណ៍ និងការ ប្រជាជន ព្រមទាំងការបណ្តុះបណ្តាលមន្ត្រីការទូតវ័យក្មេង។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង និងការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ភាគីទាំងពីរ រៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ នៅទីក្រុងប្រាគក្នុងឆ្នាំនេះ ការឈានទៅបញ្ចប់ឯកសារនានាដែលនៅសេសសល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រួមមាន ការលើកលែង ទិដ្ឋាការ វិស័យទេសចរណ៍ និងកសិកម្ម។
នៅក្នុងជំនួបជាមួយ ឯកឧត្តម Florian Hahn អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ភាគីទាំងពីរបានគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែង រវាងកម្ពុជា និងអាល្លឺម៉ង់និងបាន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏មានតម្លៃរបស់អាល្លឺម៉ង់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ភាគីទាំងពីរបានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិ-សាស្ត្ររបស់ ឯកឧត្តមបណ្ឌិត Frank-Walter Steinmerier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៣ ហើយបានឯកភាពគ្នាក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច ជាន់ខ្ពស់ទៅវិញទៅមកឱ្យបានញឹកញាប់។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ក្នុងន័យ នេះ ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ការរៀបចំដោយជោគជ័យនូវកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងកម្ពុជា និងអាល្លឺម៉ង់ កាលពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបាន ពិនិត្យឡើងវិញនូវវឌ្ឍនភាព និងកំណត់វិស័យអាទិភាពសម្រាប់អនាគត។
ក្នុងជំនួបពិភាក្សាខាងលើទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសមភាគី បានផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍រួម ដោយបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារួមគ្នាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាការគោរព ច្បាប់អន្តរជាតិ និង ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ក្នុងជំនួបជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាង ទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបាន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្ត ពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការសម្រេចបាននូវសន្តិភាព យូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារ ការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងមានស្រាប់ទាំងអស់ ដែលចងភ្ជាប់យើង៕រក្សាសិទ្ធដោយ៖សុទ្ធលី


























