អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
“ក.ប.ប.”ចេញសេចក្តីជូនដំណឹង៖ ស្តីពីការទប់ស្កាត់សកម្មភាព ឆ្លៀតឱកាសនាំចូល ចែកចាយ ផ្គត់ផ្គង់ ផលិតផលទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលទំនិញ ជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិនច្បាស់លាស់ និងដើម្បីធានាបាននូវការធ្វើធុរកិច្ចប្រកបដោយសុចរិត និងការពារបាននូវសុខុមាលភាពសាធារណៈ។
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាប ជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា៖ ក្នុងគោលបំណង អនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់សកម្មភាព ឆ្លៀតឱកាស នាំចូល ចែកចាយ ផ្គត់ផ្គង់ ផលិតផលទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលទំនិញ ជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិនច្បាស់លាស់ និង ដើម្បីធានាបាននូវការធ្វើធុរកិច្ចប្រកបដោយសុចរិត និងការពារបាននូវសុខុមាលភាពសាធារណៈ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដូចខាងក្រោម៖
ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ៖ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ នូវ ផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់ សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ឬផលិតផលទំនិញជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិន ច្បាស់លាស់ ឬផលិតផលមិនមានភាពអនុលោម ជាដាច់ខាត និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ សុវត្ថិភាពផលិតផល ជាពិសេសផលិតផលម្ហូបអាហារ ជាអាទិ៍ លក្ខខណ្ឌទុកដាក់ កត្តាអនាម័យ ការវេចខ្ចប់ ការដឹកជញ្ជូន ការចែកចាយ និងការផ្គត់ផ្គង់
ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ ចែកចាយបន្ត៖ មិនត្រូវលក់ ចែកចាយ ផលិតផលទំនិញដែលអាចបង្ក គ្រោះថ្នាក់ដល់សុខភាព ឬផលិតផលមានប្រភពមិនច្បាស់លាស់ ឬផលិតផលមិនមានភាពអនុលោម ព្រមទាំងសុំឱ្យអ្នកផ្គត់ផ្គង់ទំនិញផ្ដល់វិក្កយបត្រសម្រាប់ប្រើប្រាស់ជាឯកសារសម្អាង និងត្រូវសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដានស្វែងរកប្រភពផលិតនាំចូល ចែកចាយនូវផលិតផលទាំងនោះ និងការយកសំណាកគំរូមកវិភាគនៅមន្ទីរពិសោធន៍ដើម្បីស្វែងរកមុខសញ្ញ នៃគ្រោះ ជាយថាហេតុ ជាពិសេស ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍សុវត្ថិភាពផលិតផលសម្រាប់ លក់ជូនអ្នកប្រើប្រាស់
ចំពោះអ្នកប្រើប្រាស់ និងសាធារណជន៖ សូមយកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្ន និង សូមជៀសវាង ការទិញផលិតផលដែលសង្ស័យថាមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាច
បង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលមានប្រភពមិនច្បាស់លាស់ ដែលបាននិងកំពុងលក់ ចែកចាយ ផ្គត់ផ្គង់ ក្នុងទីផ្សារ ព្រមទាំងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីមាន វិធានការណ៍តាមនីតិវិធីនៃច្បាប់ជាធរមាន។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំលើស្មារតីសហការពីបណ្តាស្ថាប័នមាន សមត្ថកិច្ច និងអ្នកនាំចូល អ្នកលក់ អ្នកចែកចាយ អ្នកផ្គត់ផ្គង់ អ្នកប្រើប្រាស់ សាធារណជន ព្រមទាំងតួអង្គពាក់ព័ន្ធ រួមគ្នាបំពេញកាតព្វកិច្ច ដើម្បីគោលដៅរួមក្នុងការការការពារសុខភាព សុវត្ថិភាពយើងទាំងអស់គ្នា និងសូមសហការ ផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធទូរសព្ទសាធារណៈក្រសួងពាណិជ្ជកម្ម៕ រក្សាសិទ្ធដោយ៖សុទ្ធលី




