ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) កំពុងរួមចំណែកលើកស្ទួយវិស័យធានារ៉ាប់រងរបស់កម្ពុជា ឱ្យមានឈ្មោះបោះសំឡេងនៅលើផែនទីធានារ៉ាប់រង និងធានារ៉ាប់រងបន្តពិភពលោក តាមរយៈការទទួលបានការតែងតាំងផ្តាច់មុខនាពេលថ្មីៗនេះ ដោយស្ថាប័ន China Belt & Road Reinsurance Pool (CBRRP) ក្នុងនាមជា ដៃគូធានារ៉ាប់រងបន្តសកល ដែលជាដៃគូផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការតែងតាំងរបស់ក្រុមហ៊ុន ហ្វតតេ បានផ្តល់ការជំរុញដ៏ធំដល់ទីផ្សារធានារ៉ាប់រងកម្ពុជា ដែលជួយលើកកម្ពស់កេរ្តិ៍ឈ្មោះ និងការទទួលស្គាល់វិជ្ជាជីវៈនៃឧស្សាហកម្មធានារ៉ាប់រងក្នុងស្រុកនៅលើទីផ្សារអន្តរជាតិ។ ក្នុងនាមជាដៃគូក្រុមហ៊ុនធានារ៉ាប់រងបន្ត នៃស្ថាប័ន CBRRP របស់ប្រទេសចិន ក្រុមហ៊ុន ហ្វតតេ បានឈរទន្ទឹមនឹងបណ្តាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនធានារ៉ាប់រងលំដាប់អន្តរជាតិផ្សេងទៀតដូចជា Zurich Insurance និង Generali Group ។
លើសពីនេះ ការទទួលស្គាល់កម្ពុជាពី ស្ថាប័ន CBRRP តាមរយៈក្រុមហ៊ុន ហ្វតតេ នឹងនាំមកនូវការគាំទ្រផ្នែកធានារ៉ាប់រងបន្តឱ្យកាន់តែសម្បូរបែប និងរឹងមាំជាងមុន។ នេះមានន័យថា ក្រុមហ៊ុនធានារ៉ាប់រងកម្ពុជានឹងមានលទ្ធភាពខ្ពស់ក្នុងការទទួលរ៉ាប់រងហានិភ័យ និងអាចផ្តល់នូវការការពារហានិភ័យដែលកាន់តែគួរឱ្យទុកចិត្ត សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពល ដឹកជញ្ជូន ផលិតកម្ម និងគម្រោងពាណិជ្ជកម្មខ្នាតធំ។ កត្តានេះនឹងអាចចូលរួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យធានារ៉ាប់រង និងសេដ្ឋកិច្ចជាតិ។
លោកស្រី Hazel Zhao នាយិកាប្រតិបត្តិផ្នែកអាជីវកម្ម ហ្វតតេគ្រុប បានមានប្រសាសន៍ថា៖ «ការតែងតាំងក្នុងស្ថាប័ន CBRRP នេះ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន ហ្វតតេ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់វិស័យធានារ៉ាប់រង និងធានារ៉ាប់រងបន្តរបស់កម្ពុជាទាំងមូល តាមរយៈការបើកផ្លូវឱ្យក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកអាចផ្ដល់សេវាកម្មជូនដល់ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិ។» លោកស្រីបានបន្តថា៖ «ការឈរជើងក្នុងទីផ្សារឈានមុខគេរបស់ក្រុមហ៊ុន ហ្វតតេ នៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា គឺជាកត្តាដែលធ្វើឱ្យការតែងតាំងនេះអាចសម្រេចទៅបាន»។
កិច្ចសហប្រតិបត្តិការនេះ បានពង្រឹងការបែងចែកហានិភ័យហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង ព្រមទាំងបង្កើនទំនាក់ទំនងទីផ្សារធានារ៉ាប់រង និងធានារ៉ាប់រងបន្ដក្នុងចំណោមបណ្តាប្រទេសនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។
ក្នុងនាមជាតួអង្គសំខាន់មួយនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ហ្វតតេ នឹងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការកសាងសមត្ថភាពធានារ៉ាប់រងក្នុងតំបន់ ការផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រងហានិភ័យ និងការកែលម្អស្តង់ដាសេវាកម្មធានារ៉ាប់រងអន្តរជាតិ និងជួយផ្ដល់ស្ថិរភាព និងសហប្រតិបត្តិការកាន់តែល្អក្នុងទីផ្សារធានារ៉ាប់រងសកល។
លោកស្រី Hazel Zhao បានបន្ថែមថា៖ “ក្រុមហ៊ុន ហ្វតតេ ចាត់ទុកការទទួលស្គាល់ដោយ ស្ថាប័ន CBRRP នេះ ជាឱកាសមួយដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែមានភាពស៊ីជម្រៅ ពង្រឹងការកសាងសមត្ថភាពវិជ្ជាជីវៈ និងគាំទ្រយ៉ាងសកម្មដល់គម្រោងអន្តរជាតិ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ ក្រុមហ៊ុន ហ្វតតេ នឹងបន្តបង្កើតតម្លៃរយៈពេលវែង សម្រាប់អតិថិជន និងសង្គម ព្រមទាំងរួមចំណែកឱ្យកាន់តែច្រើនបន្ថែមទៀតដល់ការអភិវឌ្ឍជាលក្ខណៈអន្តរជាតិនៃវិស័យធានារ៉ាប់រងរបស់កម្ពុជា។”
ក្រុមហ៊ុនធានារ៉ាប់រងបន្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន គឺជាវេទិកាកណ្តាលដើម្បីកៀរគរធនធានធានារ៉ាប់រងក្នុងស្រុក និងដោះស្រាយហានិភ័យក្រៅប្រទេសដ៏ស្មុគស្មាញ ដែលក្រុមហ៊ុនធានារ៉ាប់រងនីមួយៗ អាចមានការលំបាកក្នុងការធានារ៉ាប់រងតែម្នាក់ឯង។ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋធំៗរបស់ប្រទេសចិន រួមមាន PICC P&C, China Life P&C និង China Pacific Property Insurance គឺជាសមាជិកស្ថាបនិកក្នុងចំណោមសមាជិក ១១ ដំបូងគេបង្អស់នៃស្ថាប័ននេះ។
ក្រុមហ៊ុន ហ្វតតេ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ២៤ ដែលជាសមាជិកនៃ ក្រុមហ៊ុនធានារ៉ាប់រងបន្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន។ ក្រុមហ៊ុននេះ គាំទ្រគម្រោងធំៗនៅក្នុងប្រទេសដែលចូលរួមសហការជាង ១៥០ ដោយដើរតួជាកម្លាំងធ្វើឱ្យមានស្ថិរភាពសម្រាប់វត្តមានសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេសចិន។
តាមរយៈការកៀងគរធនធានរួមគ្នា ស្ថាប័ន CBRRP បានផ្តល់នូវសមត្ថភាពផ្នែកវាយតម្លៃហានិភ័យកាន់តែខ្ពស់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវដែក កំពង់ផែ និងរោងចក្រផលិតថាមពល។ លើសពីនេះ ស្ថាប័ននេះក៏ដើរតួនាទីជាស្ពានចម្លងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ និងព្រឹត្តិការណ៍ជាមួយដៃគូសកលដើម្បីកសាងទំនុកចិត្ត និងពង្រីកវិសាលភាពសេវាកម្មនៅតាមបណ្តាទីផ្សារនានា។
អំពីក្រុមហ៊ុន ហ្វតតេ
បង្កើតឡើងក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ក្រុមហ៊ុន ហ្វតតេ កំពុងនាំមុខគេក្នុងភាពវឌ្ឍនភាពនៃវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងរីកចម្រើនខ្លាំង ជាមួយនឹងចក្ខុវិស័យក្នុងការការពារ និងផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូបក្នុងតំបន់ សម្រាប់អនាគតកាន់តែប្រសើរ – មនុស្សម្នាក់ អាជីវកម្មមួយ ក្នុងពេលតែមួយ។
ក្រុមហ៊ុន ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅធំជាងគេ និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តល់ធានារ៉ាប់រងទូទៅនៅប្រទេសឡាវ។ យើងជាដៃគូជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ និងជានិយោជកឆ្នើមដែលជាកន្លែងធ្វើការដែលមានការសហការល្អ ដែលផ្តល់តម្លៃដល់សមិទ្ធិផលរបស់បុគ្គលិកក៏ដូចជាផ្តល់ឱកាសសម្រាប់ពួកគាត់ដើម្បីអភិវឌ្ឍន៍សមត្ថភាព។
ក្រុមហ៊ុន ហ្វតតេ បានកសាងភាពជោគជ័យដោយផ្តោតសំខាន់លើអតិថិជន ការគិតឆ្ពោះទៅមុខ និងភាពច្នៃប្រឌិត។ សព្វថ្ងៃនេះយើងត្រូវបានគេមើលឃើញថាជាអ្នកត្រួសត្រាយផ្លូវនៅក្នុងឧស្សាហកម្មធានារ៉ាប់រង ហើយយើងកំពុងអភិវឌ្ឍន៍ខ្លួនសម្រាប់យុគសម័យឌីជីថលទំនើប។



