Monday, May 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ធំ ទៅត្រួតពិនិត្យភូមិសាស្ត្រព្រៃឡង់ ដែលត្រូវរងការកាប់ទន្ទ្រានដោយជនល្មើសក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងទៅ តំបន់ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១០​ ខែឧសភា ឆ្នាំ ២០២៦​ ឧត្តមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ រួមជាមួយលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត និងលោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ព្រម​ទាំង​អាជ្ញាធរដែនដីស្រុកសណ្ដាន់ និងស្រុកសន្ទុក បានដឹកនាំសហការី និង​មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ អមដំណើរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ទៅត្រួតពិនិត្យភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានដឹកនាំសហការី រួមជាមួយកងកម្លាំងចម្រុះបានទៅត្រួតពិនិត្យតំបន់ព្រៃឡង់ ដែលត្រូវរងការកាប់ទន្ទ្រានដោយជនល្មើសក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងទៅ មានប្រមាណពី​ ៥​ ទៅ ៦​ហិកតា ស្ថិតនៅក្នុងតំបន់អូរកង់ ភូមិ​សាស្ត្រ​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់​ ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះផងដែរ ។
ឯកឧត្តម នួន ផារ័ត្ន បានថ្លៃងនូវការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ព្រៃឡង់ ដែលរងការលួចកាប់ទន្ទ្រានប្រមាណជា ៥​ ទៅ ៦​ហិកតា​ ក្នុងអំឡុង​ពេលបុណ្យចូលឆ្នាំកន្លងនេះ នឹងបានចាត់វិធានការយ៉ាងមុឺងម៉ាត់ ឱ្យស្ថាប័នបរិស្ថានខេត្តកំពង់ធំ រៀបចំដីការដកហូតជាន្ទាន់យកមកធ្វើជាសម្បត្តិរដ្ឋ និងបានបញ្ជាឲ្យរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការស្រាវជ្រាវែករកមុខសញ្ញាជនប្រព្រឹត្តបទល្មើស ដើម្បីផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត និងសន្យាផ្ដល់ជូនរង្វាន់ចំពោះជនណាដែលបានផ្ដល់ព័ត៌មានពីមុខសញ្ញា ជនដែលបានលួចកាប់​ទន្ទ្រាន​ព្រៃ​ឈើ​ និងអ្នកនៅពីក្រោយខ្នង ដើម្បីចាប់ឃាត់ខ្លួនយកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ឯកឧត្តម នួន ផារ័ត្ន បានដាក់បទបញ្ជាឲ្យឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន​អចិន្ដ្រៃយ៍​ នៃគ​ណៈកម្មការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​ខេត្ត​កំពង់​ធំ​ ត្រូវ​សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលកម្លាំងចម្រុះដែលប្រចាំការ នៅទីបញ្ជាការស្រាល ឈរជើងក្នុងភូមិសាស្ត្រ ឃុំសុចិត្រ ស្រុកសណ្ដាន់ ដើម្បីបង្កេីនការគ្រប់គ្រងនៅតំបន់នេះឲ្យបាន​ ដោយ​មិនឲ្យមានការកាប់ទន្ទ្រានជាថ្មី និងល្បាតឃ្លាំមេីល ចាំចាប់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ដើម្បីនាំខ្លួនបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្ត គោរពអនុវត្តយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងបន្តសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ រួម​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ ដើម្បីរួមគ្នាក្នុងការការពារធនធានធម្មជាតិរបស់យើងឲ្យនៅគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀតឲ្យបាន ។រក្សាសិទ្ធដោយ៖សុទ្ធលី

×