ខេត្តកំពត÷ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល អភិបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះ រួមមាន : ស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, សាខាគយនិងរដ្ឋាករ, សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ,មន្ទីរពាណិជ្ជកម្មខេត្ត ,អាជ្ញាធរស្រុក និងតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងសិប្បកម្ម វេចខ្ចប់ស្ករស ខុសច្បាប់០១កន្លែង ដែលមានទីតាំងស្ថិត ក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញភស្តុតាង នៃសកម្មភាពល្មើសច្បាប់ ដោយម្ចាស់ទីតាំងបានលួចបន្លំផ្លាស់ប្តូរសំបកបាវស្ករស ដែលមានអក្សរសៀម ដែលជាប្រភពដើម មកច្រកក្នុងសំបកបាវថ្មី ដែលមានអក្សរវៀតណាមវិញ! ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ ។
ជុំវិញករណីនេះ ឯកឧត្តម ម៉ៅ ធនិន បានដាក់ចេញ នូវវិធានការម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែងឡើយ! ដោយក្នុងនោះ លោកបានបង្គាប់ឱ្យម្ចាស់សិប្បកម្ម ត្រូវទូទាត់ប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់ចំនួន រួចធ្វើកំណត់ហេតុអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។
ទន្ទឹមនឹងនោះសមត្ថកិច្ច ក៏បានហៅអ្នក ដែលមកទិញស្ករស នៅទីតាំងខាងលើ និងអ្នកពាក់ព័ន្ធដទៃទៀត មកធ្វើកំណត់ហេតុបំភ្លឺ ដើម្បីបន្តស្រាវជ្រាវស្វែងរកខ្សែរយៈពាក់ព័ន្ធផ្សេងៗទៀត ។
បច្ចុប្បន្ន កម្លាំងជំនាញចម្រុះ កំពុងសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តកំពត ដើម្បីកសាងសំណុំរឿងបន្ត និងស្វែងរកម្ចាស់ទីតាំងពិតប្រាកដ រួមនិងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីរកប្រភពនាំចូល៕រក្សាសិទ្ធដោយ៖សុទ្ធលី





