ធនាគារជាតិនៃកម្ពុជា សូមច្រានចោលទង្វើខុសច្បាប់របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលបានយកក្រដាសប្រាក់រៀលទៅបំប្លែងជារូបភាពផ្សេងៗ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ គណនីបណ្តាញសង្គមទាំងនេះត្រូវបានបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតបន្ត ហើយអ្នកប្រព្រឹត្តនឹងត្រូវប្រឈមទោសទណ្ឌតាមច្បាប់ជាធរមាន។
ធនាគារជាតិ នៃ កម្ពុជា ចេញសេចក្តីក្រើនរំឭកថា នាពេលថ្មីនេះៗ ធនាគារជាតិនៃកម្ពុជាបានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួនបានប្រើប្រាស់រូបក្រដាសប្រាក់រៀលដែលជារូបិយវត្ថុជាតិខ្មែរ ក្នុងកម្មវត្ថុរចនាក្រាហ្វិក ឬ បំប្លែងរូបភាពសម្រាប់គោលបំណងផ្សេងៗ។ ធនាគារជាតិនៃកម្ពុជាសូមក្រើនរំឭកដល់អ្នកប្រើប្រាស់ បណ្តាញសង្គម ក៏ដូចជាសាធារណជនទូទៅមេត្តាជ្រាបថា សកម្មភាពបែបនេះបង្កផលប៉ះពាល់ អវិជ្ជមានយ៉ាងខ្លាំងដល់តម្លៃជាតិ។ តាមរយៈនិមិត្តសញ្ញា និងរូបភាពនានានៅលើក្រដាសប្រាក់ រូបិយវត្ថុជាតិឆ្លុះបញ្ចាំងអំពីឯកភាពជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងមោទនភាពជាតិ។
ការបំប្លែងរូបភាពលើក្រដាសប្រាក់រៀល ការសរសេរ ផាត់ពណ៌ ឬទុកដាក់ក្រដាសប្រាក់ រៀលមិនត្រឹមត្រូវ ជាការប្រមាថដល់ប្រទេស និងប្រជាជាតិកម្ពុជាទាំងមូល។ យោងតាមមាត្រា៥៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា ក្រដាសប្រាក់គឺជាទម្រង់មួយនៃ ទ្រព្យសម្បត្តិ ហើយបុគ្គលដែលកាន់មានកាតព្វកិច្ចក្នុងការថែរក្សាឱ្យបានល្អ ដើម្បីប្រើប្រាស់ក្នុង ប្រតិបត្តិការ។ ការខូចខាតទ្រង់ទ្រាយ ឬបាត់លក្ខណៈដើមនៃក្រដាសអាចធ្វើឱ្យក្រដាសប្រាក់នេះ បាត់តម្លៃឬត្រូវបានដកហូតចេញពីចរាចរណ៍។ ម្យ៉ាងទៀត មាត្រា៦៥ ចែងថា អ្នកក្លែងក្រដាសប្រាក់ ឬកាសដែលជារូបិយវត្ថុមានតម្លៃនីត្យានុកូលនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅលើ ដែនដីនៃរដ្ឋដទៃទៀតនឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំដល់អស់មួយជីវិត៕ រក្សាសិទ្ធដោយ៖សុទ្ធលី



