ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យកម្ពុជា ដូចមានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ព្រមទាំងឯកសារពាក់ព័ន្ធនៃការកំណត់ព្រំដែន ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។ ការបញ្ជាក់ជាថ្មីនេះ គឺបន្ទាប់ពីភាគីថៃ បានរៀបចំព្រឹត្តិការណ៍ និងពិធីសាសនា ព្រមទាំងបានបើកឱ្យមហាជនថៃចូលទស្សនាប្រាសាទខ្នារជាសាធារណៈ។នេះជាប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល: ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
នៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗពេញមួយសប្តាហ៍ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចតទៅ៖
ទី១៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងព្រំដែនគោកនិងព្រំដែនសមុទ្រ។ ជំហរដោះស្រាយព្រំដែនគោកជាមួយថៃ ក៏ដូចជាជាមួយបណ្តាប្រទេសជិតខាងទាំងអស់ គឺដោះស្រាយដោយសន្តិវិធី និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។
ជាមួយថៃ៖ កម្ពុជាក៏បានរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេច លើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។ ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀតឡើយ។
អំពីគោលជំហរដោះស្រាយព្រំដែនសមុទ្រ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ ជំហរបែបនេះត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាន់យកក្រោយពីគណៈរដ្ឋមន្ត្រីថៃអនុម័តដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU-2001) ឬភាគីថៃហៅថា MOU-44។ បន្ថែមពីលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានគាំទ្រជំហររាជរដ្ឋាភិបាល និងបានរម្លឹកម្តងហើយម្តងទៀតថា មិនត្រូវចរចាជាមួយភាគីថៃដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀតឡើយ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគីរួចមក ពោលគឺកម្ពុជានិងថៃ ត្រូវធ្វើដំណើរឆ្ពោះទៅយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌។
ទី២៖ ក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរ ព្រមទាំងរៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន រួមទាំងពលករ និងកម្មករនិយោជិតដែលរងផលលំបាកពីវិបត្តិនេះ។ សូមបញ្ជាក់ជូនថា បងប្អូនពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូននូវជម្រកបណ្តោះអាសន្នដែលមានលក្ខណៈសមរម្យដើម្បីរស់នៅ និងជួយឧបត្ថម្ភគ្រប់បែបយ៉ាងដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ខណៈដែលពលករដែលវិលត្រឡប់មកពីប្រទេសថៃ ក៏ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលយ៉ាងខ្លាំងតាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។ ការបញ្ជាក់បែបនេះធ្វើឡើងខណៈដែលរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៦។
ទី៤៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានតវ៉ាយ៉ាងខ្លាំងក្លានិងបានបដិសេធយ៉ាងដាច់ខាត ចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយនៅតាមបណ្ដោយព្រំដែន ដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។ កម្ពុជាចាត់ទុកសកម្មភាពនេះថា ជាការប៉ុនប៉ងបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាក៏បានតវ៉ាយ៉ាងខ្លាំងក្លាបំផុតនិងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ និងពិធីសាសនាព្រមទាំងការបើកប្រាសាទខ្នារឱ្យមហាជនចូលទស្សនាជាសាធារណៈដោយភាគីថៃ ពីព្រោះទីតាំងបេតិកភណ្ឌនេះ គឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួងបានបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យកម្ពុជា ដូចមានការកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ព្រមទាំងឯកសារពាក់ព័ន្ធនៃការកំណត់ព្រំដែន ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។
ទី៥៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យចារទុកជាប្រវត្តិសាស្ត្រក្នុងវិមាន«ឈ្នះឈ្នះ»នូវវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ការឈឺចាប់នៃសង្គ្រាម ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់មហាជនខ្មែរដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរយៈពេលចុងក្រោយនេះ។ សម្តេចក៏បានណែនាំឱ្យកសាងស្តូបអនុស្សាវរីយ៍ទុកសម្រាប់រម្លឹកគុណដល់វីរយុទ្ធជនស្នេហាជាតិដែលបានលះបង់ជីវិត និងមេដាយពិសេសសម្រាប់អ្នកដែលបានចូលរួមក្នុងសមរភូមិផ្ទាល់ដើម្បីការពារបូរណភាពទឹកដី។
ទី៦៖ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ក្នុងអាណត្តិដែលហ្វីលីពីនធ្វើជាប្រធានដឹកនាំបានចាប់ផ្តើមបេសកកម្មជាលើកដំបូងរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ដែលបានរងការខូចខាតយ៉ាងដំណំបំផុតដោយការវាយប្រហារពីសំណាក់យោធាថៃកាលពីចុងឆ្នាំ២០២៥ កន្លងទៅ ក៏ដូចជាការពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


