ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯ៑កឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយ លោក Devin Barta ប្រធាន AmCham ជុំវិញការត្រៀមរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដែលគ្រោងនឹងធ្វើឡើងនាដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមាន AmCham ទទួលបន្ទុកធ្វើជាអ្នកសម្របសម្រួល និងរៀបចំកម្មវិធី។
អង្គប្រជុំបានពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃដំណើរការរៀបចំ និងរបៀបវារៈសំខាន់ៗពាក់ព័ន្ធនឹងកម្មវិធី ក្នុងគោលដៅធានាឱ្យដំណើរការកម្មវិធីប្រព្រឹត្តទៅដោយរលូន មានភាពបត់បែន ទទួលបានលទ្ធផលជាផ្លែផ្កា និងអាចឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់វិនិយោគិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំឱ្យផ្តោតការយកចិត្តទុកដាក់លើការកំណត់ប្រធានបទពិភាក្សាឱ្យបានច្បាស់លាស់ ចំគោលដៅ និងឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃនិន្នាការសេដ្ឋកិច្ចសកល ជាពិសេសការលើកឡើងពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមគ្នា សំដៅធានាដល់កាលានុវត្តភាពវិនិយោគយ៉ាងពិតប្រាកដសម្រាប់ធុរជនទាំងអស់។
ជាការឆ្លើយតប លោកប្រធាន Devin Barta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់មតិយោបល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យកម្មវិធីកាន់តែរស់រវើក ប្រកបដោយបុរេសកម្ម និងមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។ លោកប្រធាន ក៏បានបង្ហាញនូវក្តីសោមនស្សរីករាយដែល AmCham ទទួលបានសេចក្តីទុកចិត្តក្នុងការរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២នេះ ដែលនេះជាវេទិកាដ៏សំខាន់ក្នុងការបង្កើនការសន្ទនាដោយត្រង់ទៅត្រង់មកនិងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងតំណាងវិស័យឯកជន។
តាមរយៈការត្រៀមរៀបចំយ៉ាងហ្មត់ចត់រវាង ក.អ.ក. និង AmCham ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ នាដើមខែមិថុនាខាងមុខ ត្រូវបានរំពឹងថានឹងបន្តដើរតួជាកាតាលីករដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន និងបង្កភាពងាយស្រួលដល់ប្រតិបត្តិការវិនិយោគិនពីវិស័យឯកជន។ ជំនួបពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយកិច្ចសហការខ្ពស់ ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការរៀបចំកម្មវិធីនេះ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា សំដៅបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋនិងឯកជនឱ្យកាន់តែរឹងមាំ ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕រក្សាសិទ្ធដោយ៖សុទ្ធលី











