យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មានខ្លឹមសារដូចខាងក្រោម៖
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយបានឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទនិងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំនិងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពុម្ពលេណដ្ឋាននិងការងារផ្សេងៗដែលសមស្របដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម។
ជាក់ស្តែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានី-ខេត្តទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែនិងពន្ធនាគារគោលដៅ ចំនួន០២ គឺ មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។
ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះគឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែនិងលត់ដំខ្លួនតាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផងនិងដើម្បីធ្វើសកម្មភាពដែលមាន ប្រយោជន៍ជួយដល់សមរភូមិមុខផង៕ក្សាសិទ្ធដោយ៖សុទ្ធលី




