ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅពិនិត្យគោយន្ដកន្ត្រៃដឹកជញ្ជូនឈើខុសច្បាប់ចំនួន ០២គ្រឿង មានបរិមាណឈេីប្រមាណ ជាងបួនម៉ែត្រត្រីគុណ ដែលត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ល្បាតស្ទាក់ចាប់បាន ក្នុងពេលកំពុងដឹកជញ្ជួនឈើខុសច្បាប់ ចេញពីតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដោយឆ្លងកាត់តំបន់ព្រះអាទិត្យ ស្នាក់ការបរិស្ថានខេត្តកំពង់ធំ នៅរំលងអាធ្រាត្រ ថ្ងៃទី២១ ខែឧសភា ហើយនៅវេលា ទៀបភ្លឺថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៦ បានចូលដល់តំបន់ព្រៃសហគមន៍អូរដាស់ស្គរ ក្នុងឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ទាក់ចាប់បាន ។
លោកអនុសេនីយ៍ទោ ឃាន តុងហ៊ាន់ នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការនៅតំបន់ព្រៃសហគមន៍អូរក្រញូង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ បានរាយការណ៍បញ្ជាក់ថា ដោយទទួលបានពត៌មានពីបណ្ដាញ សម្ងាត់នៅវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថា មានគោយន្ដកន្ត្រៃចំនួន ពីរគ្រឿង បានដឹកជញ្ជូនឈើជម្រៀកពេញៗគោយន្ត ចេញដំណើរពីតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ នឹងចូលដល់ទឹកដីខេត្តកំពង់ធំ នៅវេលារំលងអាធ្រាត្រនេះ ។ ដោយទទួលបានពត៌មាននេះ លោកអនុសេនីយ៍ទោ ឃាន តុងហ៊ាន់ បានរាយការណ៍ និងសុំបញ្ជាពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដេីម្បីចល័តកម្លាំង ចេញត្រៀមស្ទាក់ចាប់ការដឹកជញ្ជូនឈើខុសច្បាប់នេះ ។ នៅវេលាម៉ោង ៤ និង ១៥នាទីទៀបភ្លឺ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ កងកម្លំាងបានស្ទាក់ចាប់បាននៅតំបន់ព្រៃសហគមន៍អូរដាស់ស្គរ ដោយម្ចាស់គោយន្ដបានដោះខ្សែពាន និងយកម៉ារវេន សម្រាប់បញ្ឆេះម៉ាស៊ីនគោយន្ដរត់គេចខ្លួនបាត់ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះលោក អនុសេនីយ៍ទោ ឃាន តុងហ៊ាន់ នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដឹកនាំសកម្មភាពបង្ក្រាបបទល្មើស ការដឹកជញ្ជូនឈើខុសច្បាប់បានយ៉ាងលំបាកនៅពេលនេះ ដោយសារជនល្មើសបានប្រេីប្រាស់គ្រប់រូបភាព និងបណ្ដាញយ៉ាងប្រទាក់ក្រឡា ដេីម្បីប្រព្រឹត្តិបទល្មើសក្នុងការដឹកជញ្ជូនឈើខុសច្បាប់នៅពេលនេះ តែមិនអាចគេចផុតពីកងកម្លាំង ដែលខិតខំព្យាយាម ដូចពាក្យចាស់លោកពោលថា ជង់ ដែលមិនដែលភ្លេចកុក តែថ្ងៃនេះកុក បានជាប់ជង់ហេីយ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ឈើ និងវត្ថុតាងគោយន្ដចំនួន ពីរគ្រឿង ដែលដឹកជញ្ជូនបទល្មើសព្រៃឈើទៅស្ថាប័នសង្កាត់រដ្ឋបាលព្រៃឈើ ទំរីង ស្រុកសណ្តាន់ ដេីម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវ មុខសញ្ញាជនប្រព្រឹត្តបទល្មើស ដេីម្បីបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ ។ ហើយនៅក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានប្រគល់ប្រេងឥន្ធនៈមួយចំនួន ជូនដល់លោកអនុសេនីយ៍ទោ ឃាន តុងហ៊ាន់ កងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដេីម្បីបន្តសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ។រក្សាសិទ្ធដោយ៖សុទ្ធលី











