ថ្ងៃនេះ អង្គការ WWF-កម្ពុជា រួមជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ FFI ដៃគូពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន បានលែងសត្វក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល ចូលទៅក្នុងទន្លេស្រែពក នៃដែនជម្រកសត្វព្រៃស្រែពក។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ការលែងសត្វនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការស្តារជីវៈចម្រុះ និងការពារបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា សម្រាប់បច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ»។
នេះគឺជាជំហានដ៏មានសារសំខាន់មួយ ក្នុងការស្តារឡើងវិញនូវប្រភេទសត្វក្រពើដ៏កម្របំផុតមួយនៅលើពិភពលោក ព្រមទាំងរួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីទឹកសាប និងអនាគតធម្មជាតិរបស់កម្ពុជា។
ពិធីលែងក្រពើភ្នំ ជាប្រវត្តិសាស្រ្តក្នុងទន្លេស្រែពក មានការអញ្ជើញចូលរួមពីរ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី កាលពីរថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា កិច្ចការអភិរក្សក្រពើភ្នំប្រភេទសត្វជិតផុតពូជនៅលើពិភពលោក កន្លងទៅបានផ្តល់លទ្ធផលជាទីមោទនៈ ដោយបានបង្កើនពូជពង្សក្រពើភ្នំរស់នៅក្នុងប្រទេសកម្ពុជានិង ពិធីលែងក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិនាពេលនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជានិងអ្នកអភិរក្ស ដៃគូសហការជាតិ និងអន្តរជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិ។
ឯកឧត្តម បានបន្ថែមថា ការជ្រើសរើសទីតាំទន្លេស្រែពក ដោយផ្អែកលើទាំងភាពសមស្របផ្នែកអេកូឡូស៊ី និងសារៈសំខាន់យុទ្ធសាស្ត្រ នៅក្នុងតំបន់ការពាររបស់ប្រទេសកម្ពុជា។ ការវាយតម្លៃវិទ្យាសាស្ត្របានបញ្ជាក់ថា តំបន់នេះនៅតែមានលក្ខខណ្ឌជម្រកសមស្រប រួមមានប្រព័ន្ធទឹកអចិន្ត្រៃយ៍ ព្រៃជាប់មាត់ទន្លេនៅស្ថានភាពល្អ និងធនធានអាហារគ្រប់គ្រាន់។ សំខាន់ជាងនេះ ការបញ្ជាក់អំពីការបន្តពូជ បង្ហាញថាក្រពើភ្នំនៅតែអាចរស់រាន និងបន្តពូជបាននៅក្នុងតំបន់នេះ។ តាមរយៈកិច្ចការទាំងនេះបានផ្តល់មូលដ្ឋានវិទ្យាសាស្ត្រដ៏រឹងមាំសម្រាប់ការស្តារឡើងវិញ និងបញ្ជាក់ពីភាពចាំបាច់នៃការអន្តរាគមន៍ ដើម្បីពង្រឹង និងស្តារចំនួនរបស់វា។
លោក ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី បានឱ្យដឹងថារដ្ឋបាលខេត្តគាំទ្រយ៉ាងពេញទំហឹង នូវការលែងក្រពើភ្នំទាំងនេះ ទៅក្នុងទន្លេស្រែពក និងបន្តសហការចូលរួមការពារនិងអភិរក្សជីវៈចម្រុះឱ្យល្អសម្រាប់និរន្តរភាពបរិស្ថាន។
លោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា បានថ្លែងថា«ការលែងក្រពើភ្នំ ចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្ត បង្កើនចំនួនសត្វក្រពើភ្នំ នៅទន្លេស្រែពក ដើម្ពីធានាការរស់រានមានជីវិតរបសវា និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ»។
សូមបញ្ជាក់ថា ដោយមានការសហការរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) អង្គការWWF បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរបរិស្ថានខេត្ត ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត ចំនួន១០ក្បាល ក្នុងក្រពើញីមានចំនួន៩ក្បាល ត្រូវបាននាំយកពីតំបន់ការពារសត្វភ្នំតាម៉ៅ មកលែងចូលទៅក្នុងទន្លេស្រែពក ខេត្តមណ្ឌលគិរី ដើម្បីធ្វើការការពារនិងអភិរក្សឱ្យបានល្អក្នុងធម្មជាតិ។ គួសបញ្ចាក់ថា កម្ពុជាដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងគេនៅលើលើពិភពលោកមានប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី























