ភ្នំពេញ ៖ រយៈពេល ៣សប្តាហ៍ នៃខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចឹកវិទ្យា ចំនួន ៥០ទីតាំង ឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការសរុបប្រមាណ ៣,៣២០នាក់ ស្មើនឹង ៣២សញ្ជាតិ។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រយៈពេល ៣សប្តាហ៍ ខែឧសភា ឆ្នាំ២០២៦ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនសាធារណជនជ្រាបថា ក្រោមការដឹកនាំបញ្ជាយ៉ាង ម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ជាច្រើនទីតាំងនៅទូទាំងប្រទេស ដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន ដែលមានលក្ខណៈជាសកលនេះ។
ជាក់ស្តែងរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបាន បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥០ទីតាំង ឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការសរុបប្រមាណ ៣,៣២០នាក់ ស្មើនឹង ៣២សញ្ជាតិ ក្នុងនោះបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើក បណ្តេញចេញចំនួន ១,០៣០នាក់ ស្មើនឹង ១៦សញ្ជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៩៦នាក់ ស្មើនឹង ៦សញ្ជាតិ ធ្វើការអប់រំបុគ្គលដែលមិនជាប់ពាក់ព័ន្ធចំនួន ៥៥៩នាក់ ស្មើនឹង ៣សញ្ជាតិ កំពុងបន្តនីតិវិធី នៅតាមស្នងការដ្ឋានចំនួន ១,៥៩០នាក់ ស្មើនឹង ១៦សញ្ជាតិ និងក្នុងនោះសាមីជនបានស្នើសុំត្រឡប់ទៅ ប្រទេសកំណើតវិញចំនួន ៤៥នាក់ ស្មើនឹង ៨សញ្ជាតិ។ កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ បានធ្វើឱ្យក្រុម ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនរត់គេចទៅសម្ងំលាក់ខ្លួននៅទីកន្លែងនានាក្នុងប្រទេស និងមួយ ចំនួនទៀតបានចាកចេញពីប្រទេសកម្ពុជា ហើយព្យាយាមបន្តប្រតិបត្តិការឆបោកនៅតាមប្រទេសក្នុងតំបន់ មួយចំនួនទៀត។
ទន្ទឹមនឹងប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចមូលដ្ឋានក៏បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម នូវវិធានការរដ្ឋបាលចំហរតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងអនុវត្តវិធានការផាកពិន័យម្ចាស់ទីតាំងជាច្រើននាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលកំណត់ក្នុងច្បាប់ជាធរមាន ពាក់ព័ន្ធការធ្វេសប្រហែស និង/ឬ ផ្តល់ទីតាំងឱ្យជនបរទេសស្នាក់នៅខុសច្បាប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការ គ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។
អគ្គស្នងការដ្ឋាននគរបាលជាតិនឹងបន្តបេសកកម្មដ៏មានសារៈសំខាន់នេះ ដោយគ្មានការបន្ធូរបន្ថយ និងមានលក្ខណៈអចិន្ត្រៃយ៍ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមសហការជាមួយ សមត្ថកិច្ចដោយមិនត្រូវផ្តល់ទីជម្រកលាក់ខ្លួន និង/ឬទីតាំងប្រព្រឹត្តបទល្មើសដល់ក្រុមឧក្រិដ្ឋជន (Online Scams) ជាដាច់ខាត ព្រមទាំងផ្តល់ព័ត៌មានទាំងឡាយពាក់ព័ន្ធបទល្មើស (Online Scams) ជូនអាជ្ញាធរមាន សមត្ថកិច្ចចាត់វិធានការតាមច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅធ្វើឱ្យជនគ្រប់រូបរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយភាពសុខដុមរមនា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិ ជ្រាបជាព័ត៌មាន និង សូមចូលរួមផ្តល់កិច្ចសហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបោស សម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យអស់ពីទឹកដីកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី











