ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក អំពីការពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ជំនួបនេះបានធ្វើឡើងនភថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦, ក្រសួងមុខងារសាធារណៈ ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីនិងឯកឧត្តមឯកអគ្គរដ្ឋទូត បានចែករំលែកបទពិសោធទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍន៍ជាតិ ជាពិសេសកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកំពុងអនុវត្តនៅក្នុងប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ ដើម្បីបន្តពូនជ្រំស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងទ្វេភាគីកម្ពុជា–ឡាវ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្រិតត្រីភាគីកម្ពុជា–ឡាវ–វៀតណាម ដែលមានមូលដ្ឋានប្រវត្តិសាស្ត្រយ៉ាងរឹងមាំ។
សូមជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ហើយជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា–ឡាវ នឹងបន្តរីកចម្រើនយ៉ាងរឹងមាំ ជាពិសេសស្របពេលប្រទេសយើងទាំងពីរ ត្រៀមប្រារព្ធខួបលើកទី៧០ ឆ្នាំ នៃទំនាក់ទំនងការទូតនាពេលខាងមុខ។ រក្សាសិទ្ធដោយ៖សុទ្ធលី




