ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ មានរយៈពេល៥ខែគត់។ បទឈប់បាញ់នេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូតយ៉ាងសកម្ម ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេនក្នុងឆ្នាំ ២០២៥។ ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញពីខ្លឹមសារសំខាន់ៗនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលសរុបមាន ១៦ចំណុច ក្នុងនោះមានទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់ការអនុវត្ត និងផ្ទៀងផ្ទាត់។ ជាអាទិ៍៖
១. ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះ គិតចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់(ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។
២. ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។
៣. ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់ នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុត ចំពោះការងារវាស់វែងនិងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។
៤. ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង ដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។
រីឯយន្តការសម្រាប់ការអនុវត្តនិងផ្ទៀងផ្ទាត់ ចែងអំពីតួនាទីរបស់ AOT ជាក់ស្តែង៖ ចំណុច១២៖ ភាគីទាំងពីរទទួលស្គាល់តួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះ ដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។
ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ភ្លាមៗក្រោយពីបទឈប់បាញ់ចូលជាធរមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនជនរួមជាតិថា កិច្ចខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់សបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានគូសបញ្ជាក់ច្បាស់ថា កម្ពុជាដើរលើផ្លូវសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិរបស់ខ្លួនបានឡើយ។
ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួនត្រីភាគីនៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឱ្យមានការអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀត។ សម្តេចធិបតីសង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។
ជំហរនេះត្រូវបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គូសបញ្ជាក់ជាថ្មី នៅក្នុងកិច្ចប្រជុំបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយឯកឧត្តមបានបញ្ជាក់ថា ព្រំដែននិងអធិបតេយ្យភាពមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំង ឬដោយការបង្ខំឱ្យទទួលយកការកែប្រែស្ថានភាពនៅលើដីជាក់ស្តែង (Fait Accomplis) នោះឡើយ។ ប្រមុខការទូតកម្ពុជាក៏បានសម្តែងការព្រួយបារម្ភពីស្ថានភាពនៅលើដីជាក់ស្តែង ទោះបីជាមានបទឈប់បាញ់ និងជំរុញឱ្យអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធិភាពនិងបន្ទាន់នូវខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀត ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


