សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ តែងផ្តល់ការលើកកម្ពស់វិស័យអប់រំជាអាទិភាព ដោយធ្វើការពង្រឹងគុណភាព និងធ្វើការកែទម្រង់ជាបន្តបន្ទាប់ជាច្រើនដំណាក់កាល ដើម្បីប្រែក្លាយប្រព័ន្ធអប់រំឱ្យទៅជាកាតាលីករ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានកំណត់យក ការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណទី១ ដោយផ្តោតលើការកែទម្រង់ប្រព័ន្ធអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើទំនើបកម្មជាអាទិភាពគន្លឹះ ដែលមានគោលដៅបង្កើតបរិយាកាសអប់រំប្រកបដោយគុណភាពខ្ពស់។
សម្ដេចធិបតី បានថ្លែងបន្តទៀតថា ការរីកចម្រើនជាលំដាប់របស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យា ការកែលម្អកម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាពគ្រូលើការស្រាវជ្រាវ និងការបង្រៀន និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ សំដៅឆ្លើយតបនឹងការកើនឡើង ទាំងបរិមាណ និងគុណភាពនៃតម្រូវការរបស់សង្គមជាតិក្នុងវិស័យអប់រំកាយ និងកីឡា៕ រក្សាសិទ្ធដោយ៖សុទ្ធលី























