Thursday, June 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអំពាវនាវ និងការលើកទឹកចិត្តឱ្យនិស្សិតវិលត្រឡប់មកកម្ពុជាវិញក្រោយបញ្ចប់ការសិក្សា ដើម្បីចូលរួមចំណែកក្នុង ការបង្រៀន ការស្រាវជ្រាវ ការធ្វើការក្នុងវិស័យឯកជន ឬរដ្ឋបាលសាធារណៈ

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហហង់ជូនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានចូលរួមក្នុង ពិធីអបអរសាទរការជួបជុំអតីតនិស្សិតសិក្សានៅប្រទេសបារាំងកម្រិតឧត្តមសិក្សា (France Alumni Cambodge) ដែលរៀបចំឡើង ដោយឯកឧត្ដម អូលីវីយេ រីឆាដ (H.E Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អតីតនិស្សិតសមាជិក សមាជិកា សមាគមអតីតនិស្សិតកម្ពុជាសិក្សានៅប្រទេសបារាំងកម្រិតឧត្តមសិក្សា តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

ជាការពិត​ណាស់​ ចាប់តាំងពីឆ្នាំ ២០១៧ មកយុវជនកម្ពុជាប្រមាណជា ១០០នាក់ក្នុងវិស័យវិទ្យាសាស្រ្ត បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសបារាំង តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលបារាំង ជាមួយនឹងក្រសួងអប់រំ យុវជន កីឡា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ មកដល់បច្ចុប្បន្ននេះ សមាគមអតីតនិស្សិតកម្ពុជាដែលបានរៀននៅបារាំងមានចំនួនប្រមាណជា ១៥០០នាក់។ តាមរយៈការប្រារព្ធកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា និងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) មកកាន់កម្ពុជា នាខែវិច្ឆិកាខាងមុខនេះ សង្ឃឹមថា កម្ពុជា និងបារាំង នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើននិងស៊ីជម្រៅ ពិសេសលើវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា ថាមពល និងអវកាស។

ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសូម​គូសរំលេចពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលបារាំង និងកម្ពុជាដែលបានបង្កើតផលជះជាច្រើនដល់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ដោយបានលើកឡើងពី៖

  • រាជរដ្ឋាភិបាលកម្ពុជាក្រុមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ការអភិវឌ្ឍធនធានមនុស្សជាស្នូលនៃយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ ឆ្ពោះទៅកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ជំនាញបច្ចេកទេស វិជ្ជាជីវៈ បច្ចេកវិទ្យា និងនវានុវត្តន៍។
  • និស្សិតដែលបានបញ្ចប់ការសិក្សានៅបារាំង គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
  • បានបញ្ជាក់ជាថ្មី ពីការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ កម្ពុជា-បារាំង ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យអប់រំ តាមរយៈ ការបន្តគាំទ្រដល់កម្មវិធីតម្រង់ទិសលើជំនាញអាទិភាព និងការស្រាវជ្រាវ, ការឆ្លើយតបនឹងបរិវត្តកម្មឌីជីថល, ការលើកកម្ពស់ការរៀនសូត្រជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក៏ដូចជាជំនាញឌីជីថល នវានុវត្តន៍ និងការស្រាវជ្រាវស៊ីជម្រៅ ដែលបារាំងមានឧត្តមភាព។
  • អំពាវនាវ និងការលើកទឹកចិត្តឱ្យនិស្សិតវិលត្រឡប់មកកម្ពុជាវិញក្រោយបញ្ចប់ការសិក្សា ដើម្បីចូលរួមចំណែកក្នុង ការបង្រៀន ការស្រាវជ្រាវ ការធ្វើការក្នុងវិស័យឯកជន ឬរដ្ឋបាលសាធារណៈ។
  • ណែនាំឱ្យនិស្សិតចេះបង្កើតទំនាក់ទំនងល្អជាមួយនិស្សិតអន្តរជាតិ សាស្ត្រាចារ្យ និងអ្នកជំនាញនានា ដែលជាទុនដ៏មានតម្លៃសម្រាប់អាជីពការងារទៅថ្ងៃអនាគត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំង និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្តល់អាហារូបករណ៍ និងគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងធនធានមនុស្សជំនាញខ្ពស់ ពិសេសពង្រឹងស្តង់ដាគុណភាពអប់រំឧត្តមសិក្សា ការស្រាវជ្រាវ និងនវានុវត្តន៍។ ការផ្សារភ្ជាប់ទ្រឹស្តីនិងការអនុវត្ត បានផ្តល់ឱកាសជាច្រើនសម្បូរបែប ឱ្យនិស្សិតកម្ពុជាអាចចាប់យកចំណេះដឹង បច្ចេកវិទ្យាទំនើបៗ និងបទពិសោធការងារបែបបស្ចិមប្រទេស ដើម្បីយកមកបន្ស៊ីជាមួយបរិបទអភិវឌ្ឍន៍របស់កម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×