ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជនរួមជាតិអំពីព័ត៌មានសំខាន់ៗ៖
ទី១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ការប្រកាន់យកដំណោះស្រាយដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល គឺជារឿងត្រឹមត្រូវដោយយោងតាមកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងស្របតាមអ្វីដែលសហគមន៍អន្តរជាតិចង់បាន។ ដូច្នេះ បើកម្ពុជាផ្ទុះអាវុធមុន គឺជាបរាជ័យធ្ងន់ធ្ងរនៃនយោបាយការទូត។ ម្យ៉ាងទៀត ការផ្ទុះអាវុធនឹងបង្កសោកនាដកម្មធំធេង ហើយក៏មិនអាចដោះស្រាយបញ្ហាព្រំដែនបានដែរ។ ប្រសាសន៍របស់សម្តេចតេជោបានធ្វើឡើងក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកជាង ២ ៨០០ គ្រួសារក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។
សម្តេចតេជោសង្ឃឹមថា ភាគីថៃនឹងគោរពតាមកិច្ចព្រមព្រៀង ពិសេសចំណុចទី៣ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងឱ្យបានឆាប់បំផុត។ ប្រសិនបើភាគីថៃមិនព្រមវាស់វែង គឺជាការទទួលខុសត្រូវរបស់ថៃ។ សម្តេចប្រមុខរដ្ឋស្តីទីបញ្ជាក់ថា អាចយោគយល់បានអំពីភាពយឺតយ៉ាវខ្លះរបស់ថៃដោយសារបញ្ហាផ្ទៃក្នុង ប៉ុន្តែ សម្តេចបានចោទជាសំណួរថា បើថៃមិនព្រមធ្វើ តើពិភពលោកត្រូវឈរមើលឬយ៉ាងណា? ពាក់ព័ន្ធនឹងការបើកច្រកព្រំដែន សម្តេចតេជោក៏បានបញ្ជាក់ច្បាស់ៗថា កម្ពុជាគ្មានការចាំបាច់ដែលត្រូវនិយាយពីបញ្ហានេះទៀតឡើយ ហើយប្រជាពលរដ្ឋខ្មែរក៏មិនចាំបាច់ទន្ទឹងរង់ចាំការបើកព្រំដែននោះដែរ។ ផ្ទុយទៅវិញ ការគាំទ្រផលិតផលក្នុងស្រុកគឺជារឿងចាំបាច់ដែលត្រូវនាំគ្នាធ្វើ។
សម្តេចតេជោ បានដាក់ឈ្មោះភូមិដែលរាជរដ្ឋាភិបាលផ្តល់ជាជម្រកបណ្តោះអាសន្នជូនជនភៀសសឹកថាជា «ភូមិរង់ចាំ» ពីព្រោះទោះបីជារាជរដ្ឋាភិបាលផ្តល់ជូនផ្ទះសម្បែងជូនបងប្អូនជនភៀសសឹករស់នៅក៏ពិតមែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបោះបង់ចោលការទាមទារដីរបស់កម្ពុជាមកវិញជាដាច់ខាត។ សម្តេចតេជោក៏បានបញ្ជាក់ថា ក្រោយពេលទាមទារដីបានមកវិញ រាជរដ្ឋាភិបាលក៏នៅតែប្រគល់ផ្ទះបណ្តោះអាសន្ននេះជូនពលរដ្ឋភៀសសឹកដដែល។ ឆ្លៀតឱកាសនេះ សម្តេចតេជោក៏បានកោតសរសើររាជរដ្ឋាភិបាលដែលបានចាត់វិធានការយ៉ាងលឿនរហ័ស ក្នុងការសង់ផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក។ សម្តេចប្រមុខរដ្ឋស្តីទីបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវធ្វើជារដ្ឋដែលគោរពច្បាប់។
ទី២៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅនិងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀតក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ៖ នៅក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ជំនួបនេះកើតឡើងក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងដើម្បីចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ (3rd ASEAN Future Forum – AFF) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍ និងសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។
សម្តេចធិបតីក៏បានសម្តែងការអបអរសាទរ ចំពោះជោគជ័យនៃកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់របស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។ ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជានិងវៀតណាម ព្រមទាំងបានឯកភាពគ្នាថា នឹងរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្មនិងការវិនិយោគ, សន្តិសុខនិងការពារជាតិ, ការអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ, សុខាភិបាល, ទេសចរណ៍, វប្បធម៌, ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ សម្តេចធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពន្លឿនការសម្រេចពីចំណុចការតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ, ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក និងការពង្រីកជើងហោះហើរបន្ថែមរវាងប្រទេសទាំងពីរ។
ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សម្តេចធិបតី បានស្នើការកែសម្រួលនីតិវិធីសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ត្រង់រវាងប្រទេសទាំងពីរ សំដៅកាត់បន្ថយពេលវេលាដឹកជញ្ជូន។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ សម្តេចធិបតីក៏បានជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋ និងប្រធានរដ្ឋសភាវៀតណាម ដោយភាគីទាំងពីរបានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងរឹងមាំរវាងប្រទេសជិតខាងទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


