លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាក្នុងវេទិកា Nikkei Forum ស្តីពីអនាគតអាស៊ី ក្រោមប្រធានបទ “អាស៊ាន+៣៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរួមចំណែកក្នុងស្ថិរភាពសកល” នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
វាគ្មិនជំនាញផ្សេងទៀតក្នុងវេទិកានេះរួមមាន ឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី និងលោក Jay Y. Yuvallos ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូពា៍ ព្រមទាំងលោក Yasuto Watanabe ប្រធាន អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ជាអ្នកសម្របសម្រួល។
នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវទេសាភិបាល បានលើកឡើងពីទំនាក់ទំនងនៃកត្តាខាងក្រៅ ចំពោះប្រទេសដែលមានសេដ្ឋកិច្ចបើកចំហ និងកម្រិតដុល្លារូបនីយកម្មខ្ពស់។ ក្នុងបរិបទនេះ លោកជំទាវបានមានប្រសាសន៍ពីការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការធ្វើពិពិធកម្មផលិតផលនិងទីផ្សារនាំចេញ ការទាក់ទាញវិនិយោគបរទេស និងការលើកកម្ពស់សកម្មភាពផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពង្រីកការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលជាការរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅក្នុងវិស័យថាមពល។
សម្រាប់វិស័យហិរញ្ញវត្ថុ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រព័ន្ធហិរញ្ញវត្ថុដែលដំណើរការប្រកបដោយប្រសិទ្ធភាពគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើន និងភាពធន់នៃសេដ្ឋកិច្ច។ លោកជំទាវក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញការទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនដែលបច្ចុប្បន្នបានតភ្ជាប់ជាមួយប្រទេសជាច្រើនក្នុងតំបន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងទេសចរណ៍។ បន្ថែមលើនេះ លោកជំទាវក៏បានបញ្ជាក់ពីសារៈសំខាន់នៃហិរញ្ញប្បទានប្រកបដោយចីរភាព និងការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី







