Friday, June 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងប៉ៃលិនប្រមាណជាង១ពាន់នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅក្រុងខេត្តបាត់ដំបង។
នេះជាបេសកកម្មលើកទី១៥ និងចំនួន១៨ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមឡើងពីខេត្តកំពង់ចាម,ត្បូងឃ្មុំ,កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ, កណ្ដាល ,សៀមរាប ,ឧត្តរមានជ័យ,បន្ទាយមានជ័យ ,បាត់ដំបង និងប៉ៃលិន នាថ្ងៃនេះ។
តាមរបាយការណ៍របស់ខេត្តបាត់ដំបងបានឱ្យដឹងថា ខេត្តបាត់ដំបងស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា ចែកចេញជា១៤ក្រុង ស្រុកមាន១០៣ឃុំសង្កាត់ ស្មើនឹង ៨៤២ភូមិ។ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចនៅឆ្នាំ២០២៥ ខេត្តបាត់ដំបង មានទំហំសេដ្ឋកិច្ចប្រមាណ ១៤ ៥១៦ ៧៤៣,១លានរៀល ស្មើនឹង៣ ៦១៨,៣លានដុល្លារ។ ក្នុងនោះវិស័យកសិកម្មគ្របដណ្តប់​ខ្ពស់​ជាង​គេ បន្ទាប់មកវិស័យសេវាកម្ម និងវិស័យ​ឧស្សា​ហកម្ម​។ ខេត្តបាត់ដំបងមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប និងខាងលិចជាប់ខេត្តប៉ៃលិន និងប្រទេសថៃ​។
ដោយឡែកខេត្តប៉ៃលិនវិញ ជាខេត្តមួយទើបទទួលបានសន្តិភាពពេញលេញក្រោយគេ នៅឆ្នាំ១៩៩៨ ស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា មានចម្ងាយ ៣៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំ​ប្រទល់ខាងកើត ខាងជើង និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងខាងលិចជាប់នឹងប្រទេសថៃ។
ប៉ៃលិនមានក្រុង១ និងស្រុក១ មាន៨ឃុំសង្កាត់ និង ៩៣ភូមិ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តបាត់ដំបង និងប៉ៃលិន នាថ្ងៃនេះសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តទាំងពីរនេះដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។
សម្តេចបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។
សម្តេចតេជោបានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត​ទុក​ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម​ទាំងអតីតយុទ្ធជន។ សម្តេចបានលើកបង្ហាញពីវីរភាព និង​គុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព
ដែល​​បានយកជីវិតមកការពារជាតិមាតុភូមិ។ ដូច្នេះត្រូវតបស្នងសងគុណដល់ពួកគាត់តាមរយៈយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគាត់ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។ ចំពោះអតីតយុទ្ធជន ត្រូវយកចិត្តទុកដាក់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។
សម្ដេចបានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស។ សម្តេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចក៏សូមឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងគ្រប់គ្រងនិងយកចិត្តទុកដាក់មើលថែ កម្លាំងកម្មករ ពលករ ទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។
ចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តបាត់ដំបង និងប៉ៃលិនដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តទាំងពីរនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕ See lessរក្សាសិទ្ធដោយ៖សុទ្ធលី

×