Saturday, June 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស្វាយ ស៊ីថា៖ ការវិវត្តយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឱ្យមន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាព ក្នុងការឆ្លើយតប

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានធ្វើជាអធិបតីបើក និងដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីឯកឧត្តម​ ម៉ាង ស៊ីណេត អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់នៅក្នុងខេត្តព្រះសីហនុ រួមនឹងក្រុមការងារព័ត៌មាននិងសាធារណមតិមកពីខេត្តកោះកុង ជាពិសេសគឺក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងកោះកុង ដែលមានសរុបចំនួនជាង ៥០០នាក់។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តការងារព័ត៌មាននិងសាធារណមតិ ក៏ដូចជាបង្កើនជំនាញប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង ដែលបានជួបប្រទះ នៅពេលកន្លងមក សំដៅធ្វើយ៉ាងណាឱ្យមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតប  ដើម្បីបកស្រាយបំភ្លឺបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

វាគ្មិនចំនួន ២​រូប ដែលមានបទពិសោធន៍និងការអនុវត្តជាក់ស្តែងលើការងារព័ត៌មាន និងសាធារ​ណ​មតិ បានធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយរួមមាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស.។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ ស៊ីថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះ និងក៏បានថ្លែងអំណរគុណឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានសហការនិងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងការរៀបចំការជួបជុំ គ្នានេះ។

ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា «ធាតុចូលសំខាន់ៗដែលទទួលបានពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតី ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវកាន់តែខ្ពស់របស់សិក្ខាកាមទាំងអស់ ក្នុងការអនុវត្តការងារព័ត៌មាន និងសាធារណមតិ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមជាតិ ជាពិសេសនៅពេលដែលតំបន់និងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×