ថ្ងៃសៅរ៍ ទី ២០ មិថុនា ២០២៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រោយពីត្រលប់មកពីប្រជុំនៅសហព័ន្ធរុស្សី ខ្ញុំបានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ក្នុងដំណើរកម្សាន្តនោះ ខ្ញុំក៏បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាពលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍។ ជាក់ស្ដែង ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈឹមបូព៌ាដែលធ្វើឲ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានសម្រេចឲ្យដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរ ខ្ញុំបានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
អ្វីជាការស្នើសុំរបស់ខ្ញុំគឺ សូមសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរណ៍ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ។រក្សាសិទ្ធដោយ៖សុទ្ធលី






