Sunday, June 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារៈសំខាន់នៃទេសចរណ៍សុខុមាលភាព (ដំណើរកំសាន្ត និងការអនុវត្តយោគៈ) ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងអាយុវែងប្រកបដោយថាមពល

ខេត្តសៀមរាប​ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តសៀមរាប ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ បានរៀបចំប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ ក្រោមប្រធានបទ «យោគៈសម្រាប់សុខភាពវ័យចាស់» (Yoga for Healthy Ageing) នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប។

ព្រឹត្តិការណ៍នាព្រឹកដ៏សែនមនោរម្យនេះ ត្រូវបានប្រកាសបើកក្រោមអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ប៉ុន សុខ ជាតំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ង៉ូវ សេងកាក់ តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរ និងបរទេស សិស្ស និងនិស្សិតសរុបជាង៥០០នាក់។

ការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ នេះ ពុំត្រឹមតែបានចូលរួមលើកកម្ពស់គុណប្រយោជន៍សុខភាពដែលកើតចេញពីការហាត់យោគៈ ដែលត្រូវបានទទួលស្គាល់ជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា និងទីផ្សារអន្តរជាតិ ស្របពេលដែលឆ្នាំ២០២៦ ត្រូវបានបន្តជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា។ ជាពិសេស ព្រឹត្តិការណ៍នេះបានរួមចំណែកផ្សព្វផ្សាយផលិតផលទេសចរណ៍សុខុមាលភាព (Wellness Tourism) ដែលកម្ពុជាកំពុងអភិវឌ្ឍ និងលើកកម្ពស់ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងស្វែងរកការសម្រាកលំហែកាយ ការថែទាំសុខភាព និងតុល្យភាពផ្លូវចិត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តម Vanlalvawna Bawitlung បានលើកឡើងថា ប្រធានបទ «យោគៈសម្រាប់សុខភាពវ័យចាស់» សម្រាប់ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការទទួលស្គាល់កាន់តែទូលំទូលាយរបស់សហគមន៍អន្តរជាតិ ចំពោះតួនាទីរបស់យោគៈក្នុងការលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ យោគៈដែលមានប្រភពកំណើតពីប្រទេសឥណ្ឌាតាំងពីបុរាណ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក និងទទួលបានការគាំទ្រពីប្រទេសចំនួន ១៧៧ ក្នុងការប្រកាសទទួលស្គាល់ថ្ងៃទី២១ ខែមិថុនា ជាទិវាយោគៈអន្តរជាតិរបស់អង្គការសហប្រជាជាតិ។

តាមរយៈកិច្ចសហការរួមគ្នារៀបចំទិវាយោគៈអន្តរជាតិលើកទី១២ដ៏មានសារៈសំខាន់នេះ រវាងក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ឥណ្ឌា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏បានរួមចំណែកផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងឥណ្ឌា ដើម្បីឈានទៅសម្រេចបាននូវលទ្ធផល និងសមិទ្ធផលវិជ្ជមានបន្ថែមទៀតដល់ការអនុវត្ត «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ២០២៥»។

សូមជម្រាបជូនផងដែរថា កម្ពុជា បានប្រារព្ធទិវាយោគៈអន្តរជាតិជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៥ មក ហើយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធនានា ក្នុងការផ្សព្វផ្សាយការអនុវត្តយោគៈ និងរបៀបរស់នៅប្រកបដោយសុខភាពល្អនៅកម្ពុជា។

បន្ទាប់ពីព្រឹត្តិការណ៍នៅខេត្តសៀមរាបនេះ ទិវាយោគៈអន្តរជាតិលើកទី១២ នឹងបន្តប្រារព្ធធ្វើនៅរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង៦ព្រឹក នៅបរិវេណសួនច្បារតេជោមាស និងតេជោយ៉ាត ខាងមុខវត្តឧណ្ណាលោម​ (ផ្លូវថ្មើរជើងចតុមុខ)។ រក្សាសិទ្ធដោយ៖សុទ្ធលី

×