នៅខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) ទន្ទឹមនឹងការលើកទឹកចិត្តដល់មន្រ្តីព័ត៌មាននិងសាធារណមតិ ឱ្យបង្កើនកិច្ចសហការក្នុងការបំពេញភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់បណ្តាញសង្គមគ្រប់ទម្រង់ផងដែរ ដែលមានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការតាមដានក្តាប់ស្ថានភាពសាធារណមតិនៅក្នុងមូលដ្ឋាន ដើម្បីអាចចាត់វិធានការឆ្លើយតប និងបកស្រាយបំភ្លឺបានទាន់ពេលវេលាចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសចំពោះព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI)។
ក្រោយវាគ្មិនចំនួន ២ រូប ដែលរួមមាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជំនាញជាន់ខ្ពស់មកពីលេខាធិការដ្ឋាន គ.ស.ព.ស. បានបញ្ចប់ការធ្វើបទបង្ហាញលើប្រធានបទដ៏មានសារៈសំខាន់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់បន្ថែមថា ការរៀបចំពង្រឹងយន្តការការងារព័ត៌មាននិងសាធារណមតិ ជាពិសេសការពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងការអប់រំពន្យល់សាធារណជនពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាស្ថិរភាពសង្គម ស្ថិរភាពនយោបាយ និងសន្តិភាពរបស់ប្រទេសជាតិទាំងមូល នៅចំពោះមុខបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតឡើងទាំងនៅក្នុងពិភពលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសរបស់យើងផ្ទាល់។
មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានផ្ដាំផ្ញើដល់សិក្ខាកាម ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិទាំងអស់ទាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ឱ្យបន្តពង្រឹងទំនាក់ទំនង និងស្មារតីនៃការធ្វើការងារជាក្រុមបន្ថែមទៀត ដោយហេតុថា ការងារព័ត៌មាននិងសាធារណមតិនេះមិនអាចធ្វើទៅបានដោយមនុស្សតែម្នាក់ ឬមនុស្សមួយក្រុមឡើយ ដោយទាមទារឱ្យមានការចូលរួមសហការពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់រាប់ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។
វគ្គបណ្តុះបណ្តាលបានបិទបញ្ចប់ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងភាតរៈបំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី












