រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ “សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨” នៅរាជធានីភ្នំពេញប្រកបដោយជោគជ័យ។ អង្គសន្និសីទបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ង្វៀន វ៉ាន់ ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ផវី ស៊ីមូលីថា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងគណៈប្រតិភូតុលាការនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ រួមទាំងថ្នាក់ដឹកនាំចៅក្រម ក្រឡាបញ្ជី និងមន្រ្តីរាជការនៃតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការកំពូលនិងមហាអយ្យការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនៃការរៀបចំធ្វើម្ចាស់ផ្ទះនៃសន្និសីទនេះ ប្រធានតុលាការប្រជាជនកំពូលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម រួមនឹងប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវនិងគណៈប្រតិភូ ត្រូវបានរាជានុញ្ញាតឱ្យចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
អង្គសន្និសីទលើកទី៨នេះ នៅតែបន្តផ្តោតការយកចិត្តទុកដាក់ចំណុចជាអាទិភាពសំខាន់ៗ ដូចខាងក្រោម ៖
១-ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសេចក្ដីប្រកាសរួមលើកទី៧ ឆ្នាំ២០២៤។ ជាលទ្ធផល កិច្ចសហប្រតិបត្តិការ ត្រូវបានអនុវត្តយ៉ាងល្អប្រសើរជាងមុន ជាក់ស្ដែងការបង្រ្កាបបទល្មើសឆ្លងដែន ខុសច្បាប់ និងការជំនុំជម្រះ ត្រូវបានលើកកម្ពស់។ ក្នុងរយៈពេលចន្លោះពីសន្និសីទលើកទី៧ មកសន្និសីទ លើកទី៨នេះ សំណុំរឿងព្រហ្មទណ្ឌឆ្លងដែនដែលភាគីកម្ពុជាបានបង្ក្រាបនិងជំនុំជម្រះនៅតាមតុលាការ ជាប់ព្រំដែន និងនៅសាលាដំបូងរាជធានីភ្នំពេញ មានការកើនឡើងរហូតដល់ចំនួន ១.៣៥៥រឿង ដែល មានជនល្មើសចំនួន ២. ១១៩នាក់ ដោយឡែកភាគីវៀតណាម និងឡាវ ក៏មានករណីបទល្មើសឆ្លងដែន ខុសច្បាប់ដូចគ្នាដែរ។ ក្រៅពីនេះ ក៏មានសំណុំរឿងរដ្ឋប្បវេណនិងពាណិជ្ជកម្មឆ្លងដែនផងដែរ។ ២-ផ្អែកលើទិន្នន័យនៃសំណុំរឿងព្រហ្មទណ្ឌឆ្លងដែន និងសំណុំរឿងរដ្ឋប្បវេណនិងពាណិជ្ជកម្ម ឆ្លងដែនដែលកើតមាននៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសរៀងៗខ្លួន អង្គសន្និសីទបានវាយតម្លៃខ្ពស់ចំពោះភាពចាំបាច់ មិនអាចខ្វះបានក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាប និងដោះស្រាយ
សំណុំរឿងនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងប៊ី។
៣-បន្តលើកកម្ពស់គុណភាពចំណាត់ការរឿងក្ដីនៃតុលាការជាប់ព្រំដែនប្រទេសទាំងបី
ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដោយធានា នូវសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យ និង
បូរណភាពទឹកដីរៀងៗខ្លួន។
៤-បង្កើនប្រសិទ្ធភាពនៃការចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែន ដែលជាការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងនៃបទល្មើសមានលក្ខណៈជាបណ្តាញ ដូចជា បទល្មើសគ្រឿងញៀន, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scans), ការជួញដូរមនុស្ស, បទល្មើសធនធានធម្មជាតិ ព្រមទាំងការដោះស្រាយវិវាទរដ្ឋប្បវេណីនិងពាណិជ្ជកម្មឆ្លងដែនជាដើម។
អង្គសន្និសីទបាននាំមកនូវផលប្រយោជន៍ជាសារវន្តជាច្រើនជូនដល់ស្ថាប័នតុលាការ ប្រជាពលរដ្ឋ និងប្រទេសជាតិរៀងៗខ្លួន ជាអាទិ៍ ៖ (១) ការបង្កើតយន្តការទំនាក់ទំនងនិងសម្របសម្រួលរវាង តុលាការខេត្តជាប់ព្រំដែន ដើម្បីសម្រួលដល់ទំនាក់ទំនងនឹងផ្ទៀងផ្ទាត់ភស្តុតាងឆ្លងដែនឱ្យបានឆាប់រហ័ស អនុលោមតាមនីតិវិធីជាធរមាន ដោយធានាបាននូវការអនុវត្តច្បាប់លើជនល្មើសប្រកបដោយតម្លាភាព និងយុត្តិធម៌។ (២) ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scans), ការត្រួតពិនិត្យគ្រឿងញៀន, ការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារ ធនធានធម្មជាតិជាដើម។ (៣) ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សទាំងលើទិដ្ឋភាពច្បាប់ និងការធ្វើ បរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌។ (៤) ការដោះស្រាយវិវាទរដ្ឋប្បវេណីនិងពាណិជ្ជកម្មឆ្លងដែន ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស និង(៥) ការលើកកម្ពស់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធ យុត្តិធម៌ និងភាពរឹងមាំនៃនីតិរដ្ឋស្របតាមច្បាប់នៃប្រទេសរៀងៗខ្លួន។
ជាលទ្ធផល អង្គសន្និសីទបានអនុម័តដោយឯកច្ឆន្ទនូវ “សេចក្ដីប្រកាសរួមនៃសន្និសីទតុលាការន បណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨» ដែលជាសក្ខីកម្មបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងតុលាការនៃប្រទេសទាំងបី ដើម្បីរួមចំណែកបម្រើផល ប្រយោជន៍ដ៏ឧត្ដុង្គឧត្តមរបស់ជាតិ និងប្រជាជននៃប្រទេសរៀងៗខ្លួន។
អង្គសន្និសីទលើកទី៨នេះ បានអនុម័តជាឯកច្ឆន្ទប្រគល់ជូនតុលាការប្រជាជនកំពូលន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៨ ខាងមុខ។ រក្សាសិទ្ធដោយ៖សុទ្ធលី






