ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ថុតាងបារីក្លែងក្លាយជាង ៦០ម៉ាក និងសម្ភារផលិតប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោលនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងសននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម ពិធីដុតបំផ្លាញចោលនូវវត្ថុតាងបារីក្លែងក្លាយ សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ផលិតបារីក្លែងក្លាយសរុបប្រមាណ ៤០០តោន រៀបចំដោយ ក្រសួងមហាផ្ទៃនិង អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលខេត្តត្បូងឃ្មុំ តាមដីកាសម្រេចរបស់សាលាដំបូងខេត្តត្បូងឃ្មុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះប្រារព្ធឡើងនៅទីតាំងដីឡូត៍ឋានសួគ៌ថ្មី ភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត តំណាងស្ថាប័នអយ្យការ តុលាការ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីតំណាង HIS សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ស្ថានតំណាងគយបារាំង ភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធជាច្រើនរូប ។

វត្ថុតាងដែលត្រូវបាននាំយកមកដុតកម្ទេចចោលយ៉ាងសន្ធឹកសន្ធាប់នេះ រួមមានបារីក្លែងក្លាយជាង ៦០ម៉ាក ដូចជាម៉ាក Marlboro, ESSE, MEVIUS, 555 រួមទាំងបារីចិន និងបារីម៉ាកបរទេសជាច្រើនទៀត សរុបប្រមាណ ៤០០តោន។ វត្ថុតាងទាំងនេះ គឺជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងរោងចក្រផលិត ចំនួន ២កន្លែង និងឃ្លាំងស្តុក ១កន្លែង នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម លី សុផាន់ណា បានកោតសរសើរពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានសហការគ្នាបង្ក្រាបទីតាំងផលិតបារីខុសច្បាប់នេះទទួលបានជោគជ័យ។

ឯកឧត្តមបានបញ្ជាក់ថា ការដុតបំផ្លាញវត្ថុតាងនៅថ្ងៃនេះ គឺដើម្បីទប់ស្កាត់ និងបង្ក្រាបការផលិត ការជួញដូរ ចរាចរណ៍ផលិតផលក្លែងក្លាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ។ លើសពីនេះ សកម្មភាពនេះក៏ជាការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ធានាសុវត្ថិភាពសង្គម និងបង្កើនការគាំទ្រ ព្រមទាំងទំនុកចិត្តដល់វិនិយោគិន និងប្រជាពលរដ្ឋផងដែរ។
វត្ថុតាងទាំងអស់ត្រូវបានឆាបឆេះ និងដុតកម្ទេចដោយផ្ទាល់នៅនឹងកន្លែង ដើម្បីធានាអះអាងថាគ្រឿងសម្ភារខុសច្បាប់ទាំងនេះ ត្រូវបានបញ្ចៀសទាំងស្រុង មិនអាចហូរចូលទីផ្សារជាថ្មីបានឡើយ។ របាយការណ៍បានគូសបញ្ជាក់បន្ថែមថា ការបង្ក្រាបទីតាំងផលិត និងការដុតបំផ្លាញវត្ថុតាងម៉ាកបារីក្លែងក្លាយនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ស្របតាមយន្តការច្បាប់ ដោយមានការគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងពង្រឹងសេដ្ឋកិច្ចជាតិ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>