ភ្នំពេញ៖ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ បានបើកសវនាការ ដើម្បីប្រកាសសាលដីកា លើបណ្តឹង ឧទ្ទរណ៍ របស់ជនជាប់ចោទឈ្មោះ យ៉ង ប៉ាក ដែលបានប្តឹង ជំទាស់ ទៅនឹង សេចក្តីសម្រេចរបស់ តុលាការថ្នាក់ក្រោម ដែលបានបង្គាប់ឱ្យ គាត់ ត្រូវបង់សំណងជំងឺចិត្តចំនួន ៦០០លានរៀល (ប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក) ដែលជា ចំនួន ដ៏ច្រើនលើសលប់ ជូនលោក ទេសរដ្ឋមន្ដ្រី ព្រាប កុល ដែលជាភាគីរដ្ឋប្បវេណីក្នុងសំណុំរឿងក្តី។
សំណុំរឿងនេះ ត្រូវបានតុលាការកំពូលបង្វិលមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីជំនុំជម្រះឡើងវិញជាពិសេសលើចំណុចពាក់ព័ន្ធនឹងសំណងជំងឺចិត្ត បន្ទាប់ពីជនជាប់ចោទ បានបន្តប្តឹងសារទុក្ខទៅតុលាការកំពូល។
លោកចៅក្រម កូវ សៅ ជា ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ បានថ្លែងថា: “បន្ទាប់ពី សភាព្រហ្មទណ្ឌនៃ សាលាឧទ្ធរណ៍ ភ្នំពេញ បានប្រឹក្សាយោបល់ និង ពិចារណា គ្រប់ជ្រុងជ្រោយ ចំពោះ បញ្ហាសំណងរដ្ឋប្បវេណី នៅក្នុងសំណុំរឿងក្តីនេះ, តុលាការឧទ្ធរណ៍ ភ្នំពេញ សម្រេច បង្គាប់ឱ្យ ឈ្មោះ យ៉ង ប៉ាក ត្រូវសង ថ្លៃជម្ងឺចិត្ត ចំនួន ៤០ លានរៀល (ប្រមាណ១ ម៉ឺនដុល្លារអាមេរិក) ទៅ លោក ព្រាប កុល ជាភាគី រដ្ឋប្បវេណី”។
លោកចៅក្រម បានថ្លែងឱ្យដឹងថា: យោងតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ជនជាប់ចោទ ឈ្មោះ យ៉ង ប៉ាក ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១ឆ្នាំ និងបង្គាប់ឱ្យបង់សំណងជំងឺចិត្តចំនួន ៦០០លានរៀល ជូនលោក ព្រាប កុល ជាភាគីរដ្ឋប្បវេណី។
ជនជាប់ចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ញុះញង់ឱ្យមានការរើសអើង និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ក្រោយសាលាដំបូងចេញសេចក្តីសម្រេច ជនជាប់ចោទ ឈ្មោះ យ៉ង ប៉ាក បានប្តឹងទៅសាលាឧទ្ធរណ៍ ភ្នំពេញ ប៉ុន្តែសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ។
បន្ទាប់មក លោកបានបន្តប្តឹងសារទុក្ខទៅតុលាការកំពូល ដែលក្រោយមកតុលាការកំពូលបានបង្វិលសំណុំរឿងនេះ មកសាលាឧទ្ធរណ៍វិញ ដើម្បីពិនិត្យ និងជំនុំជម្រះឡើងវិញលើចំណុចពាក់ព័ន្ធនឹងសំណងជំងឺចិត្ត ចំនួន ៦០០លានរៀល ដែលជាចំនួន ដ៏ច្រើនសន្ធឹកសន្ធាប់។
នៅក្នុងសវនាការ លោក យ៉ង ប៉ាក អាយក ដែលជាជនពិការជើងខាងឆ្វេង និងប្រើឈើច្រត់ បានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះពិចារណាអំពីស្ថានភាពជីវភាពរបស់លោក។
លោកប៉ាកបានអះអាងថា លោកបានអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំរួចរាល់ហើយ ប៉ុន្តែបច្ចុប្បន្នលោកគ្មានការងារធ្វើ និងមិនមានលទ្ធភាពបង់ប្រាក់ចំនួន៦០០លានរៀលនោះទេ។
លោកបានបញ្ជាក់ថា ប្រពន្ធរបស់លោកធ្វើការជាកម្មការិនីរោងចក្រ។
លោក យ៉ង ប៉ាក បានស្នើសុំឱ្យ ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ
មេត្តាពិចារណា និង កាត់បន្ថយសំណងជំងឺចិត្តមកនៅត្រឹម ១០លានរៀល (ប្រមាណ ២,៥០០ដុល្លារអាមេរិក)។
ទោះជាយ៉ាងណា មេធាវីការពារក្តីឱ្យលោក ព្រាប កុល បានជំទាស់នឹងសំណើរបស់ជនជាប់ចោទ ដោយស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះតម្កល់សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោមទុកជាបានការ ដដែល។
មេធាវីបានលើកឡើងថា ការសរសេរ និងការចោទប្រកាន់របស់ជនជាប់ចោទដោយគ្មានភស្តុតាងគាំទ្រគ្រប់គ្រាន់ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់កូនក្តីរបស់លោក ហើយលោកមិនអាចទទួលយកការចោទប្រកាន់បែបនេះបានឡើយ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN





