នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ដែលចូលរួមដោយ ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ ឯកឧត្តម Jim Baird សមាជិកសភាប្រចាំរដ្ឋ Indiana មកពីគណបក្សសាធារណរដ្ឋ លោកជំទាវ. Julie Johnson សមាជិក សភាប្រចាំរដ្ឋ Texas មកពីគណបក្សប្រជាធិបតេយ្យ និងលោកជំទាវ Kristen McDonald Rivet សមាជិក សភាប្រចាំរដ្ឋ Michigan មកពីគណបក្សប្រជាធិបតេយ្យ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន សន្តិភាព។
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិកបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើន
យ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ គណៈប្រតិភូក៏បានបង្ហាញក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពជាវិជ្ជមាន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសហរដ្ឋអាម៉េរិក-កម្ពុជា លើវិស័យសំខាន់ៗជាច្រើន ដូចជា៖ ពាណិជ្ជកម្ម និង ការវិនិយោគ សន្តិសុខ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងវិស័យសុខាភិបាល ជាដើម។ ទន្ទឹមនឹងនេះ គណៈប្រតិភូបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានផ្ដល់ឱកាសស្វែងយល់កាន់តែស៊ីជម្រៅ អំពីសក្តានុពលជាក់ស្ដែង និងការផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគី ហើយគណៈប្រតិភូសមាជិកសភាអាម៉េរិក នឹងបន្ត ខិតខំប្រឹងប្រែជំរុញ និងគាំទ្រដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ ក្នុងឱកាសនោះដែរ គណៈប្រតិភូបានបញ្ជាក់ជាថ្មីថា សហរដ្ឋ អាម៉េរិកនឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ និងសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក។ សម្ដេចធិបតី បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ ដោយ គូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនទៀតដែលអាចបំពេញបន្ថែមឱ្យនគ្នាទៅវិញទៅមក។ បន្ថែមលើនេះ សម្តេចធិបតី បានសង្កត់ធ្ងន់លើកំណើននៃទំហំពាណិជ្ជកម្ម និងការវិនិយោគ ពីបរទេសនៅកម្ពុជា ព្រមទាំងបានលើកឡើងពីការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពរបស់ កម្ពុជាក្នុងការជំរុញវិស័យស្នូលសំខាន់ៗ ដូចជា៖ វិស័យវាយនភណ្ឌ កសិកម្ម និងការលើកកម្ពស់ការកែច្នៃផលិតផល សម្រេច ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្តេចធិបតី និងគណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ក៏បានផ្លាស់ប្តូរយោបល់គ្នាដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសុខាភិបាល សន្តិសុខ និងការការពារជាតិ ផងដែរ។
សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិកលើវិស័យ បោសសម្អាតមីន និងបានថ្លែងអំណរគុណជាថ្មីចំពោះ ឯកឧត្តមប្រធានាធិបតី Donald J. Trump និងរដ្ឋាភិបាល សហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាបជូនគណៈប្រតិភូសមាជិកសភាសហរដ្ឋ អាម៉េរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕រក្សាសិទ្ធដោយ៖សុទ្ធលី












