រាជធានីភ្នំពេញ៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)កាលពីថ្ងៃទី ២៦-២៨ ខែសីហា ឆ្នាំ ២០២៦ បានចេញសេចក្តីប្រកាសទីក្រុងភ្នំពេញ សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ។
យើងខ្ញុំជាប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក ជួបជុំគា្ននៅក្នុង សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (IS2) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦,
ពិចារណាឃើញថា សហគមន៍អន្តរជាតិនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន រួមមាន ជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការរំខានដល់លំហូរពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង និងថាមពល ការរំខានផ្នែកបច្ចេកវិទ្យា និងការគំរាមកំហែងតាម ប្រព័ន្ធបច្ចេកវិទ្យា វិបត្តិមនុស្សធម៌ និងវិសមភាពដែលកំពុងតែរីកធំឡើង;
បញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់យើងចំពោះអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនិមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយភាពពេញលេញ និងភាពប្រទាក់ក្រឡាគ្នា;
រំលឹក អំពីតួនាទីដែលមិនអាចខ្វះបានរបស់សភា ក្នុងការលើកកម្ពស់កិច្ចសន្ទនា ការទូតសភា សន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងគោលការណ៍ប្រជាធិបតេយ្យក្នុងទំនាក់ទំនងអន្តរជាតិ;
រំលឹកផងដែរ នូវសេចក្តីសម្រេច និងគំនិតផ្តួចផ្តើមពាក់ព័ន្ធនានារបស់អង្គការអន្តរសភា ដែលបានបញ្ជាក់ជា ថ្មីអំពីការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ និងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទដោយ សន្តិវិធី តាមរយៈកិច្ចសន្ទនា និងស្របតាមច្បាប់អន្តរជាតិ;
កោតសរសើរ ព្រះរាជាណាចក្រកម្ពុជា ចំពោះការទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៃសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២៕រក្សាសិទ្ធដោយ៖សុទ្ធលី








