ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា
កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦ បានប្រកាសថា: មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំទាំងអស់នៅក្នុងប្រទេស ត្រូវបានបោសសម្អាតរួចរាល់ ទាំងស្រុង បន្ទាប់ពីប្រតិបត្តិការរយៈពេលមួយឆ្នាំ ដែលបានឈានទៅត្រួតពិនិត្យទីតាំងសង្ស័យរាប់រយកន្លែង និងឃាត់ខ្លួនមនុស្សជិត ៣ម៉ឺននាក់។
លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប បានប្រកាស នៅក្នុងកិច្ចប្រជុំបច្ចុប្បន្នភាពស្តីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយតំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា: បច្ចុប្បន្ននេះ ពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ។
លោកបានថ្លែងថា: ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុបចំនួន ៧៩៣កន្លែង។ ក្នុងចំណោមនោះ មាន ៦២៤ទីតាំង ត្រូវបានបង្ក្រាបជាក់ស្តែង ហើយមនុស្សជិត ៣ម៉ឺននាក់ ដែលមាន ៣៩សញ្ជាតិ ត្រូវបានឃាត់ខ្លួន។
លោកបានបញ្ជាក់ថា: ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញទ្រង់ទ្រាយធំ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ និងសម្រេចបានលទ្ធផលជាក់ស្តែង។
លោកបានបន្តថា: ទោះជាយ៉ាងណា ក្រុមឧក្រិដ្ឋជនមិនបានបោះបង់សកម្មភាពឡើយ ប៉ុន្តែបានប្តូរយុទ្ធសាស្ត្រទៅបែងចែកប្រតិបត្តិការជាក្រុមតូចៗ និង លាក់ខ្លួននៅតាមផ្ទះសំណាក់ ខុនដូ ផ្ទះជួល រថយន្ត និងហាងកាហ្វេ។
ចំពោះបញ្ហានេះ សមត្ថកិច្ចកម្ពុជាបាននិងកំពុងបន្តស្រាវជ្រាវ និងបង្ក្រាបដោយមិនបង្អង់ដៃ ដោយអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងគ្មានការលើកលែងចំពោះអ្នកពាក់ព័ន្ធ។
សូមបញ្ជាក់ថា: នៅខែកញ្ញាខាងមុខ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
សន្និសីទនេះនឹងមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហការអន្តរជាតិ ក្នុងការកាត់ផ្តាច់បណ្តាញឆបោក និងទប់ស្កាត់ការគំរាមកំហែង នៃ ឧក្រិដ្ឋកម្មScam Online នៅក្នុងសាកលលោក៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN










