ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានចាប់ផ្តើមរៀបចំនីតិវិធីតាមផ្លូវច្បាប់ ដើម្បីរឹបអូសមជ្ឈមណ្ឌលឆបោកអនឡាញចំនួន ៨៦ទីតាំង ដែលត្រូវបានបង្ក្រាបនៅទូទាំងប្រទេស យកមកធ្វើជាសម្បត្តិរដ្ឋ ក្នុងការបង្កើនវិធានការប្រឆាំងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
មន្ត្រីគណៈកម្មការបង្ក្រាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចបានចុះឆ្មក់ និងបង្ក្រាបទីតាំងដែលសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមអនឡាញចំនួន ៧៨៣ទីតាំង។
ក្នុងចំណោមនោះ មាន ៨៦ទីតាំង ត្រូវបានកំណត់ថា ជាមជ្ឈមណ្ឌលឆបោកអនឡាញ។
ប្រតិបត្តិការបង្ក្រាបទាំងនេះ ក៏បាននាំទៅដល់ការឃាត់ខ្លួនជនសង្ស័យជិត ៣ម៉ឺននាក់ ដែលមានរហូតដល់ ៣៩សញ្ជាតិ បង្ហាញពីទំហំ និងលក្ខណៈអន្តរជាតិនៃបណ្តាញឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប។
ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មាន ៣,៤៧៧នាក់ កំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការ ខណៈ ៨៥៥នាក់ ផ្សេងទៀត ត្រូវបានរាយការណ៍ថា កំពុងរត់គេចខ្លួន។
មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះមជ្ឈមណ្ឌលឆបោកអនឡាញទាំង ៨៦ទីតាំង អាជ្ញាធរ និងក្រសួងជំនាញពាក់ព័ន្ធ កំពុងរៀបចំនីតិវិធីតាមច្បាប់ ដើម្បីឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិទាំងនោះ។
ការរឹបអូសនេះ ត្រូវបានចាត់ទុកថា ជាវិធានការសំខាន់មួយរបស់រដ្ឋាភិបាល ក្នុងការកាត់ផ្តាច់មូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ។
យោងតាម ច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានអនុម័តកាលពីខែមេសា ឆ្នាំ២០២៦ ការរឹបអូសទីតាំង ឬមជ្ឈមណ្ឌលដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ ត្រូវបានអនុញ្ញាតតាមនីតិវិធីដែលច្បាប់កំណត់។
ជាពិសេស មាត្រា១០ នៃច្បាប់នេះ ត្រូវបានអាជ្ញាធរយកជាមូលដ្ឋានសម្រាប់ការអនុវត្តវិធានការរឹបអូសទីតាំង និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







