ខេត្តកណ្ដាល — បុរសវ័យ ៧៤ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់កាប់ប្រហារជាបន្តបន្ទាប់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរកឃើញមានសារធាតុញៀនក្នុងទឹកនោម។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ១១:៤០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅរោងជាងមួយកន្លែង ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សន ង៉ាន អាយុ ៧៤ឆ្នាំ។
ចំណែកឯ ជនសង្ស័យឈ្មោះ តុង វ៉ាន់ហេង ហៅ «ងៀល» អាយុ ៣៥ឆ្នាំ មុខរបរមិន ពិតប្រាកដ។
តាមព័ត៌មានបឋមពីសមត្ថកិច្ច ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម។ ទោះយ៉ាងណា មូលហេតុពិតប្រាកដនៃការកាប់សម្លាប់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយសមត្ថកិច្ចមិនទាន់បញ្ជាក់ច្បាស់ថា តើករណីនេះពាក់ព័ន្ធនឹងគំនុំ ឬមូលហេតុផ្សេងទៀតនៅឡើយទេ។
តាមសាក្សី មុនពេលកើតហេតុ ជនសង្ស័យបានកាន់កាំបិតដើរស្វែងរកបុរសម្នាក់ឈ្មោះ «ហេង» ប៉ុន្តែមិនបានជួប។
បន្ទាប់មក ជនសង្ស័យបានត្រឡប់មកវិញ និងបានធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះបានព្យាយាមរត់ចូលក្នុងបន្ទប់ ដើម្បីគេចពីការវាយប្រហារ ប៉ុន្តែជនសង្ស័យបានដេញតាម និងបន្តកាប់ប្រហាររហូតបណ្ដាលឱ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។
ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានកាំបិតផ្គាក់ចំនួនមួយដើម និងដងឫស្សីប្រវែងប្រមាណ ០,៧៤ម៉ែត្រ ត្រូវបានដកហូតជាវត្ថុតាង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
រក្សាសិទ្ធិគ្រប់យ៉ាង ដោយCEN





