ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការនគរបាលជាតិ កោះហៅអធិការរងក្រុងប៉ោយប៉ែត រ៉ែន សុភក្តិ សាកសួរ ពាក់ព័ន្ធការយក ឡាន និង ម៉ូតូដែលជាវត្ថុតាង មកប្រើប្រាស់ ជារបស់ផ្ទាល់ខ្លួន??

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកោះហៅលោកវរសេនីយ៍ទោ រ៉ែន សុភក្តិ អធិការរងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យចូលបំភ្លឺនៅរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានយកយានយន្តមួយចំនួនដែលជាវត្ថុតាងក្នុងសំណុំរឿងព្រហ្មទណ្ឌទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពពីមន្ត្រីនគរបាលជំនាញម្នាក់បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ថា ការកោះហៅនេះធ្វើឡើងដើម្បីសាកសួរ និងបំភ្លឺជុំវិញករណីដែលត្រូវបានរាយការណ៍ថា លោក រ៉ែន សុភក្តិ បានយករថយន្ត និងម៉ូតូមួយចំនួន ដែលត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ទៅប្រើប្រាស់ក្រៅពីគោលបំណងរក្សាទុកជាវត្ថុតាង។

ករណីនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីមានព័ត៌មានថា រថយន្តម៉ាក Ford Mustang ពណ៌ក្រហម មួយគ្រឿង ដែលត្រូវបានរាយការណ៍ថា ជាកម្មសិទ្ធិរបស់បុរសជនជាតិឥណ្ឌូនេស៊ីឈ្មោះ Valentino Micellim ត្រូវបានយកទៅប្រើប្រាស់នៅរាជធានីភ្នំពេញ ដោយគេអះអាងថា បានប្រគល់ឱ្យកូនស្រីរបស់លោក រ៉ែន សុភក្តិ ជិះ ផ្ទាល់ខ្លួន នៅរាជធានី ភ្នំពេញ។

រថយន្តនេះត្រូវបានរាយការណ៍ថា ជាវត្ថុតាងដែលសមត្ថកិច្ចបានដកហូតក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងអនឡាញហ្គេម កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្រៅពីរថយន្ត Ford Mustang ប្រភពដដែលបានឱ្យដឹងថា មានម៉ូតូជាច្រើនគ្រឿងដែលត្រូវបានប្រមូល និងរក្សាទុកជាវត្ថុតាងនៅនគរបាលក្រុងប៉ោយប៉ែត ហើយមានការចោទប្រកាន់ថា ម៉ូតូមួយចំនួនត្រូវបានយកទៅប្រើប្រាស់ផ្ទាល់ខ្លួន មុនពេលត្រូវបាននាំយកមកប្រគល់ជូនកន្លែងរក្សាទុកវត្ថុតាងវិញ ផងដែរ។

តាមប្រភពនគរបាលក្រុងប៉ោយប៉ែត ក៏មានការរាយការណ៍ថា ម៉ូតូធំមួយគ្រឿងដែលជាវត្ថុតាង ត្រូវបានលោក រ៉ែន សុភក្តិ យកទៅប្រើប្រាស់ និងទុកនៅផ្ទះរបស់លោក មុនពេលត្រូវបាននាំយកមកប្រគល់ជូនកន្លែងរក្សាទុកវត្ថុតាងវិញនាពេលថ្មីៗនេះ។

ការកោះហៅលោក រ៉ែន សុភក្តិ ឱ្យចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានគេមើលឃើញថា ជាជំហានសំខាន់មួយក្នុងការបំភ្លឺការពិតជុំវិញការគ្រប់គ្រង និងការប្រើប្រាស់វត្ថុតាងដែលត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>