ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញានេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ (២១ កញ្ញា ២០០៣ – ២១ កញ្ញា ២០២៦)។

សន្តិភាពពេញលេញដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាង ជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិយើងទាំងមូល អស់រយៈពេល ២៦ឆ្នាំកន្លងមកនេះ ត្រូវបានគំរាមកំហែង និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ សង្គ្រាមនេះបានឆក់យកជីវិត និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជាប់ព្រំដែន ហើយពេលនេះមានប្រជាជន ភៀសសឹករាប់ពាន់គ្រួសារ ដែលមិនទាន់អាចវិលទៅលំនៅឋានដើមវិញនៅឡើយ។

បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ន បាន បង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយ ពិតប្រាកដ និងការអនុវត្តជាក់ស្តែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។

ដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ រឹងមាំ និងមានចីរភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវជំហរគោរពអធិបតេយ្យ និងសមភាពរវាងរដ្ឋ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង ការអនុវត្ត កាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី ជាពិសេសការជ្រើសរើសយកវិធីសាស្ត្រដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។

សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា។ សន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសមាសឱ្យប្រទេស យើងអាចស្តារ និងកសាងជាតិឡើងវិញ ជំរុញការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និងសកលលោក។ សន្តិភាពបានអនុញ្ញាតឱ្យ យើងមានលទ្ធភាពផ្តោតធនធានទាំងអស់លើការអភិវឌ្ឍគ្រប់វិស័យ ដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជា តួអង្គដ៏សកម្ម និងមានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការអន្តរជាតិ។

ក្រោមឆត្ររបស់ អ.ស.ប. កម្ពុជាបាន និងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុង បេសកកម្មរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូន កងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន ១០.៩១២នាក់ (ក្នុងនោះមានស្ត្រី ចំនួន ១.០៨២នាក់) ទៅ បំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសចំនួន១០ រួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។

ជាមួយគ្នានេះ ទោះបីជាត្រូវរងសម្ពាធវិបត្តិពីខាងក្រៅជាបន្តបន្ទាប់ ក៏កម្ពុជាបន្តរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ព្រមទាំងបានជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសក្តានុពល ផលិតកម្មក្នុងស្រុក និងការវិនិយោគលើវិស័យឡូហ្ស៊ីស្ទិក សន្តិសុខថាមពល រួមទាំងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធនានា។ នៅក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុង រង្វង់ ៤,១% ប៉ុន្តែ កំណើនសេដ្ឋកិច្ចតែមួយមុខ មិនមែនជាគោលដៅចុងក្រោយបង្អស់នោះឡើយ។ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺការធ្វើឱ្យកំណើននេះឆ្លុះបញ្ចាំងដោយផ្ទាល់ទៅលើការបង្កើតឱកាស ការងារថែមទៀត ការកើនឡើងនូវប្រាក់ចំណូល ការអភិវឌ្ឍជំនាញពិតប្រាកដ ការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាសាធារណៈចាំបាច់ ព្រមទាំងការផ្តល់ទំនុកចិត្តលើអនាគតដ៏ភ្លឺស្វាងជូន ប្រជាពលរដ្ឋគ្រប់រូប។

ឆ្លងកាត់ការឈឺចាប់ និងផលវិបាកដ៏ខ្លោចផ្សានៃសង្គ្រាម ព្រមទាំងផលប៉ះពាល់ពីការឈ្លានពាន អធិបតេយ្យជាតិនាពេលថ្មីៗនេះ យើងរឹតតែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព កាលានុវត្តភាព ដ៏ទូលំទូលាយដែលសន្តិភាពបានបង្កើតឡើង និងភាពផុយស្រួយនៃសន្តិភាព ដែលយើងត្រូវតែរួមគ្នា ថែរក្សា និងការពារឱ្យបានដាច់ខាត។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>