ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២១ខែកញ្ញានេះ បានថ្លែងសារនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថាការចោទប្រកាន់មិនអាចលុបការខូចខាតបាន ហើយការអះអាងមិនអាចជំនួសភស្តុតាងបានទេ!យោធាថៃអាចពន្យល់បាន ប៉ុន្តែមិនអាចពន្យល់ឱ្យការខូចខាតបាត់ទៅបានទេ។ អង្គការ UNESCO បានចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ហើយគេហទំព័រផ្លូវការរបស់ World Heritage Centre ក៏មានរបាយការណ៍បេសកកម្ម WHC–ICOMOS ឆ្នាំ២០២៦ ស្តីពីទីតាំងនេះផងដែរ។ ការខូចខាតអាចត្រូវបានពិនិត្យ; ការពន្យល់របស់ថៃមិនអាចលើកលែងការពិនិត្យទំនួលខុសត្រូវបានឡើយ! ។
សូមរំលឹកថា បើតាមសេចក្តីថ្លែងការណ៍ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ បានឲ្យដឹងថា កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធចោលសាជាថ្មីនូវការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋាន ក្នុងពេលថ្មីៗ ពីសំណាក់មន្ត្រីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ជាពិសេសការលើកឡើងរបស់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) និង លោក Phanombut Chantharachote អគ្គនាយកន នាយកដ្ឋានវិចិត្រសិល្បៈថៃ ដោយបានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណ ជាមូលដ្ឋានយោធា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់ទុកថា ការលើកឡើងទាំងនេះគឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពី ការបំផ្លិចបំផ្លាញប្រាសាទ និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មី ដូចខាងក្រោម៖
១. ក្នុងនាមជាប្រទេសមួយ ដែលមានអរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រសម្បូរបែប និងជារដ្ឋភាគីនៃអនុសញ្ញ ឆ្នាំ១៩៥៤ និងពិធីសារទាំងពីររបស់អនុសញ្ញានេះ ព្រមទាំងអនុសញ្ញាឆ្នាំ១៩៧២ របស់អង្គការយូណេស្កូ កម្ពុជា ប្រកាន់ជំហរដាច់ខាតប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការការពារថែរក្សាបេតិកភណ្ឌវប្បធម៌ ដោយគ្រប់ទីតាំង បេតិកភណ្ឌទាំងអស់នៅទូទាំងប្រទេសទទួលបានអាទិភាពខ្ពស់ក្នុងការអភិរក្ស លើកតម្លៃ ការស្រាវជ្រាវ អប់រំ សកម្មភាពសាសនា ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្ពុជាមិនមែនជារដ្ឋដែលធ្លាប់បំផ្លាញបេតិកភណ្ឌ វប្បធម៌ឡើយ និងពុំមានទីតាំងបេតិកភណ្ឌវប្បធម៌ណាមួយត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះទេ។
២. ផ្ទុយទៅវិញ សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា បានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងការខូចខាត ប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌមួយចំនួនដែលស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយរួមទាំង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព (ស្ថិតនៅប្រហែល៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ) និងតំបន់បុរាណវិទ្យាមួយចំនួនផ្សេងទៀត។
មកទល់បច្ចុប្បន្ន ទីតាំងបេតិកភណ្ឌមួយចំនួនដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ត្រូវបាន អាជ្ញាធរពាក់ព័ន្ធរបស់ថៃ កាន់កាប់ដោយខុសច្បាប់ និងកំពុងធ្វើឱ្យប្រែប្រួលស្ថានភាពជាក់ស្តែងលើដី (Fait accompli) និងការប៉ុនប៉ងបង្កើតក្របខ័ណ្ឌច្បាប់ក្លែងក្លាយ ក្នុងគោលបំណងយកទីតាំងទាំងនោះជាកម្មសិទ្ធិរបស់ខ្លួន។ លើសពីនេះ
វត្ថុបុរាណមួយចំនួនត្រូវបានអាជ្ញាធរថៃយកចេញដោយខុសច្បាប់ពីប្រាសាទខ្នាររបស់កម្ពុជា។
ក្នុងន័យនេះ កម្ពុជាប្រឆាំងដាច់ខាតចំពោះគ្រប់ប្រភេទសកម្មភាពឯកតោភាគីរបស់ថៃនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ដោយរួមទាំងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី ព្រឹត្តិការណ៍នានា ទាំងទេសចរណ៍ និងសាសនា ក៏ដូចជាគម្រោងជួសជុលដោយគ្មានការអនុញ្ញាតពីកម្ពុជា។ សកម្មភាពទាំងនេះគឺជា ចេតនាពង្រឹងការកាន់កាប់ដែនដីដោយខុសច្បាប់ និងផ្ទុយទាំងស្រុងទៅនឹងច្បាប់អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










