ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសរំលេចជូន ឯកឧត្តមLord Hanson អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានទទួលជួប Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនាទីស្តីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ជូនចំពោះ Lord Hanson និងសហការី ដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងយុត្តិធម៌ ជាពិសេស ថ្លែងអំណរគុណចំពោះ Lord Hanson និងសហការី ដែលបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចជូន Lord Hanson អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាពិសេស ធានាថា មជ្ឈមណ្ឌលធំៗនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងមិនវិលត្រឡប់មកកម្ពុជាវិញនោះទេ។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូន Lord Hanson ផងដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺ ជាទម្រង់ថ្មីនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលកម្ពុជាគឺជាប្រទេសរងគ្រោះដោយសារឧក្រិដ្ឋកម្មនេះ ដោយសារឧក្រិដ្ឋជនប្រើប្រាស់កម្ពុជាជាទីកន្លែងដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មនេះក្នុងការឆបោកទាំងប្រជាជនកម្ពុជា និងប្រជាជននៅតាមបណ្តាប្រទេសផ្សេងៗ។ បន្ថែមពីនេះ, ដោយសារការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា AI, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបំលែងខ្លួនពីមជ្ឈមណ្ឌលធំៗទៅជាការប្រព្រឹត្តនៅតាមផ្ទះតូចៗវិញ ហើយឧក្រិដ្ឋជនអាចប្រើប្រាស់ AI ដើម្បីជំនួសឱ្យមនុស្សជាច្រើននាក់ក្នុងការប្រព្រឹត្តបទល្មើស។ បន្ថែមពីនេះ, ឧក្រិដ្ឋជនក៏បានប្រើប្រាស់ប្រព័ន្ធគ្រីបតូដើម្បីបង្វែរផលនៃបទល្មើសទៅតាមបណ្តាប្រទេសផ្សេងៗផងដែរ ដែលកម្ពុជាពុំទាន់មានសមត្ថភាពក្នុងការចូលទៅកាន់ប្រព័ន្ធគ្រីបតូនោះបានឡើយទេ។ ដូច្នេះ, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមពីគ្រប់បណ្តាប្រទេស និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ដូចដែលកម្ពុជារៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន Lord Hanson ផងដែរថា អ្វីដែលកម្ពុជាត្រូវការក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺ ការគាំទ្រ, ការលើកទឹកចិត្ត និងកិច្ចសហប្រតិបត្តិការពីគ្រប់បណ្តាប្រទេស និងតួអង្គពាក់ព័ន្ធទាំងអស់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបោសសម្អាតឧក្រិដ្ឋកម្មនេះ ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា របស់ប្រជាជននៃព្រីតថេន ក៏ដូចជា របស់ប្រជាជននៅទូទាំងពិភពលោក។

ជាការឆ្លើយតប, Lord Hanson បានបង្ហាញការគាំទ្រចំពោះការរៀបចំសន្និសីទអន្តរជាតិខាងលើ និងបានវាយតម្លៃជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះ Lord Hanson ក៏បានទទួលស្គាល់ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពុំមែនជាបញ្ហារបស់ប្រទេសណាមួយនោះទេ ប៉ុន្តែជាបញ្ហារួមរបស់ប្រទេសនៅក្នុងសកលលោក ដែលទាមទារឱ្យមានការសហការរួមគ្នាប្រយុទ្ធប្រឆាំង និងបោសសម្អាត។ Lord Hanson ក៏បានលើកឡើងអំពីសារៈសំខាន់នៃការនាំមកនូវលទ្ធផលជាក់ស្តែង និងប្រសិទ្ធភាពនៃការអនុវត្តរយៈពេលវែង ការរារាំងនូវបណ្តាញហិរញ្ញវត្ថុខុសច្បាប់ ការការពារជនរងគ្រោះ និងការបញ្ជ្រាបការយល់ដឹងអំពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ Lord Hanson ក៏បញ្ជាក់អំពីការត្រៀមខ្លួនរបស់រដ្ឋាភិបាលព្រីតថេនក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ Lord Hanson បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រីតថេន នឹងទទួលបានលទ្ធផលជាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង Lord Hanson បានឯកភាពគ្នា និងបានបញ្ជាក់អំពីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតផងដែរ៕​រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>