ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវសេចក្តីសោមនស្សយ៉ាងក្រៃលែង និងសូមចូលរួម អបអរសាទរ រួមជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹង ប្រារព្ធទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជារាស្ត្រខ្មែរ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះមានសារៈសំខាន់ និងមាន អត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់ មិនថា នៅទីជិត ឬទីឆ្ងាយ បានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិមិត្ត និងចូលរួម ធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅឋាន និងវត្តអារាម។ លើសពីនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលប្រជារាស្ត្រខ្មែរបង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រមទាំង ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តានដែលបានលាចាកលោកនេះទៅហើយ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះ ស្មារតីសាមគ្គីភាព ការរូបរួម និងទំនាក់ទំនងដ៏ល្អប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលបានបង្ហាញតាមរយៈ ការចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិដ៏រុងរឿង ជាពិសេសស្មារតីស្រឡាញ់វប្បធម៌ ការចូលរួមការពារ ថែរក្សាទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ឱ្យបានគង់វង្ស ស្ថិតស្ថេរ និងបន្តរីកចម្រើនពីជំនាន់ មួយទៅជំនាន់មួយ ដើម្បីទុកជាមរតកដ៏មានតម្លៃសម្រាប់ជាតិ និងកូនចៅខ្មែរគ្រប់រូប។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមប្រជារាស្ត្រខ្មែរទាំងអស់បន្ត ចូលរួមការពារ ថែរក្សា និងលើកតម្កើងទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ជាតិ ព្រមទាំងរួមគ្នាពង្រឹងសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ឱ្យកាន់តែរឹងមាំ ព្រមទាំងចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍៕រក្សាសិទ្ធដោយ៖សុទ្ធលី









