ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ» ជំនាន់ទី៥៤ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា គ្រូឧទ្ទេស និងសិក្ខាកាមជាព្រះសង្ឃ អាចារ្យ អាចារិនី នាទីស្ដីការក្រសួង។ វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មានព្រះសិក្ខាកាម និងសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន២៣៩អង្គ/នាក់ ព្រះសង្ឃចំនួន១៨ព្រះអង្គ អាចារិនីចំនួន៤នាក់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ គឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានមើលឃើញថា ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗ របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី មានលក្ខណៈខុសៗគ្នា បង្កើតឱ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ណែនាំឱ្យក្រសួងធម្មការនិងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើតវគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ឱ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាបញ្ចៀសកុំឱ្យមាននូវវិបត្តិអាចារ្យកើតឡើងនៅក្នុងសង្គមខ្មែរ។ រាជរដ្ឋាភិបាលនីតីកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិរក្ស និងអភិវឌ្ឍ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ សំដៅតម្រង់ទិសការរៀបចំសាសនពិធី ទម្រង់អាពាហ៍ពិពាហ៍ និងពិធីកម្មផ្សេងៗទៀត ឱ្យមានលក្ខណៈត្រឹមត្រូវនិងមានគោលការណ៍ឯកភាពគ្នា ព្រមទាំងកសាងបានក្រុមជនគំរូ សម្រាប់ចូលរួមលើកកម្ពស់សីលធម៌ គុណធម៌ និងសាមគ្គីធម៌ក្នុងសង្គម៕រក្សាសិទ្ធិដោយ៖សុទ្ធលី























