ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មាន (ភាគទី៣) ជាប់ពាក់ព័ន្ធនឹងសំណុំរឿងបង្ក្រាបបណ្តាញឆបោកតាមអនឡាញ ដែលមានលោក រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ជាប់ពាក់ព័ន្ធ និង បានបង្ហាញអត្តសញ្ញាណមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ ដែល ACU ចោទថា: បានសម្របសម្រួលឱ្យជនបរទេសមួយចំនួនចូលកម្ពុជាដោយខុសច្បាប់។
បើតាមACU មន្ត្រីរូបនោះមានឈ្មោះ ភេ ផាត់ផេង (PHE PHAT PHENG) មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោ ដែលបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ACU បានបញ្ជាក់ថា: មន្រ្តីរូបនោះ ក៏ប្រើឈ្មោះផ្សេងៗ ជាច្រើនទៀត រួមមាន ឈ្មោះ: Yong Ping, Jack, Jack YP, Yong Ping Isolated និង Yong Ping Alzheimer។
ACU បានចោទប្រកាន់ថា: ឈ្មោះ ភេ ផាត់ផេង បានប្រព្រឹត្តសកម្មភាពផ្ទុយពីគោលការណ៍ និងការដឹកនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសម្របសម្រួលឱ្យជនបរទេសមួយចំនួនចូលកម្ពុជាដោយខុសច្បាប់។
ក្នុងចំណោមនោះ មានជនបរទេសដែលមានឈ្មោះក្នុងបញ្ជីខ្មៅ អ្នកប្រើលិខិតឆ្លងដែនក្លែងក្លាយ និងក្រុមជនបរទេសដែលត្រូវការអ្នកមកទទួល និងសម្របសម្រួលការចូលប្រទេស ជាថ្នូរនឹងប្រាក់។
ACU ក៏បានបញ្ជាក់ថា: ក្រុមប្រព្រឹត្តបទល្មើសអនឡាញមួយចំនួន បានប្រើប្រាស់ចន្លោះប្រហោងនៃការអនុវត្តច្បាប់នេះ ដើម្បីចូលមកកម្ពុជា ហើយក្នុងចំណោមនោះ មានក្រុម Online Scams របស់ ឆៃ យ៉ូវយៀន ផងដែរ។
ការបង្ហាញព័ត៌មាននេះ គឺជាផ្នែកបន្ថែមនៃសេចក្ដីប្រកាសព័ត៌មានរបស់ ACU ស្តីពីសំណុំរឿងដែលពាក់ព័ន្ធនឹងការផ្តល់ទីតាំង ការការពារ និងការសម្របសម្រួលដល់បណ្តាញឆបោកតាមអនឡាញនៅកម្ពុជា។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








