សេចក្តីព្រាងគោលនយោបាយនេះ រៀបចំដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដើម្បីផ្តល់ជាក្របខ័ណ្ឌយុទ្ធសាស្ត្ររួមសម្រាប់ការកសាងប្រព័ន្ធស្ថិតិជាតិឱ្យរឹងមាំ ទំនើប និងមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាតិ។ ដោយឈរលើមូលដ្ឋានច្បាប់ និងទិសដៅកែទម្រង់ គោលនយោបាយស្ថិតិផ្លូវការឆ្នាំ២០២៦-២០៣៥ នឹងតម្រង់ទិសការកសាងប្រព័ន្ធស្ថិតិជាតិមួយដែលមានសមាហរណកម្ម គុណភាព ប្រសិទ្ធភាព សង្គតិភាព និងចីរភាព។ អាទិភាពស្នូលនៃគោលនយោបាយនេះ រួមមាន ការលើកកម្ពស់ស្តង់ដានិងគុណភាពស្ថិតិ ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងយន្តការសម្របសម្រួលអន្តរស្ថាប័ន ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។ ភាពជោគជ័យនៃការអនុវត្តគោលនយោបាយនេះ ទាមទារការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរួមរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ តាមតួនាទី និងសមត្ថកិច្ចរៀងៗខ្លួន ដើម្បីធានាឱ្យទិន្នន័យស្ថិតិផ្លូវការត្រូវបានផលិត ចែករំលែក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
ផ្អែកតាមច្បាប់ស្តីពីស្ថិតិឆ្នាំ២០១៥ បានកំណត់មុខងារ តួនាទី និងការទទួលខុសត្រូវរបស់អង្គភាពស្ថិតិថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការប្រមូល ចងក្រង វិភាគ និងផ្សព្វផ្សាយទិន្នន័យស្ថិតិ តាមរយៈជំរឿន អង្កេត និងកំណត់ត្រារដ្ឋបាល។ ក្នុងក្របខ័ណ្ឌនេះ វិទ្យាស្ថានជាតិស្ថិតិមានតួនាទីជាស្ថាប័នស្នូលក្នុងការដឹកនាំ សម្របសម្រួល និងកំណត់ស្តង់ដា ចំណាត់ថ្នាក់ និយមន័យ និងទស្សនទានស្ថិតិ ដើម្បីធានាសង្គតិភាពនៃទិន្នន័យ និងចៀសវាងការផលិតទិន្នន័យស្ទួនគ្នា។ ក្នុងរយៈពេលកន្លងមក កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗក្នុងការអភិវឌ្ឍវិស័យស្ថិតិ ដូចជាការអនុវត្តជំរឿនប្រជាជន ជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្ម និងអង្កេតជាបន្តបន្ទាប់ ព្រមទាំងការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍស្ថិតិ។ ការអភិវឌ្ឍទាំងនេះ បានជួយពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធស្ថិតិជាតិ និងលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងការផលិត និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការ។ ទន្ទឹមនឹងនេះ ការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានអេឡិចត្រូនិក ក៏បានជួយបង្កើនភាពទាន់ពេលវេលា តម្លាភាព និងភាពងាយស្រួលក្នុងការចូលប្រើប្រាស់ទិន្នន័យ។ ទិន្នន័យស្ថិតិដែលមានគុណភាព នឹងក្លាយជាមូលដ្ឋានសម្រាប់ការធ្វើសេចក្តីសម្រេចផ្អែកលើភស្តុតាង និងការតាមដានត្រួតពិនិត្យនិងវាយតម្លៃគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។រក្សាសិទ្ធិដោយ៖សុទ្ធលី




