កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានពិនិត្យនិងសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។
វិស័យភស្តុភារកម្ម (ឡូជីស្ទីក) ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយធនាគារពិភពលោក បានចាត់ទុកវិស័យភស្តុភារកម្ម គឺជាឆ្អឹងខ្នងក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងបង្កើតការងារ។ ភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព គឺអាចជួយកាត់បន្ថយថ្លៃដើមក្នុងការធ្វើពាណិជ្ជកម្ម បង្កលទ្ធភាពឱ្យក្រុមហ៊ុនតភ្ជាប់ជាមួយទីផ្សារ និងជួយគាំទ្រក្នុងការអភិវឌ្ឍ ជាពិសេស គឺការជួយបង្កើនទំហំ និងតម្លៃពាណិជ្ជកម្ម។ ភស្តុភារកម្ម ដែលចាត់ទុកថា មានប្រសិទ្ធភាពខ្ពស់ គឺផ្អែកទៅលើចំណុចគន្លឹះចំនួន ៣ រួមមាន ១. រយៈពេលតិច ២. តម្លៃថោក និង៣. ទំនុកចិត្តខ្ពស់។ ដើម្បីសម្រេចបាន រយៈពេលតិច តម្លៃថោក ទំនុកចិត្តខ្ពស់ មានកត្តាសត្យានុម័តចំនួន ៦ ដែលត្រូវវាស់វែង ដូចជា ១. ល្បឿននៃការបំពេញបែបបទនីតិវិធីគយក្នុងការឆ្លងកាត់ព្រំដែន ២. គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ៣. ភាពប្រកួតប្រជែងក្នុងការដឹកជញ្ជូនអន្តរជាតិ ៤. គុណភាព និងសមត្ថភាពប្រតិបត្តិករភស្តុភារកម្មនៅក្នុងស្រុក ៥. សមត្ថភាពក្នុងការតាមដានទំនិញ និង ៦. ហ្វ្រេកង់នៃភាពទាន់ពេលវេលាក្នុងការដឹកជញ្ជូនទៅដល់គោលដៅចុងក្រោយ។ កត្តាទាំង ៦នេះ គឺជាប់ទាក់ទងជាមួយនឹងស្ថាប័នរដ្ឋផង និងស្ថាប័នឯកជនផង។ ហេតុដូច្នេះហើយបានជាការងារភស្តុភារកម្ម គឺជាការប្រតិបត្តិរួមគ្នារវាងស្ថាប័នដែលជាប់ពាក់ព័ន្ធទាំងអស់ នៅក្រោមក្របខ័ណ្ឌរួមគ្នា របស់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម ដោយមានគណៈកម្មាធិការជាតិភស្តុភារកម្ម ជាសេនាធិការ។
ដោយមានការជួយគាំទ្រពីដៃគូអភិវឌ្ឍន៍មួយចំនួន ដូចជា JICA ធនាគារពិភពលោក និងសាធារណរដ្ឋប្រជាមានិតចិន រាជរដ្ឋាភិបាលបានរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS)។ ចំណុចសំខាន់របស់ផែនការមេ ១០ឆ្នាំនេះ ជាការរៀបចំឱ្យមានភាពប្រទាក់ក្រឡាគ្នារវាងគ្រប់មធ្យោបាយដឹកជញ្ជូនទាំងអស់គឺ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ពហុមធ្យោបាយ និងភស្តុភារកម្ម ឱ្យទៅជាផែនការមេគ្រប់ជ្រុងជ្រោយតែមួយ ដែលមានគម្រោងចំនួន ១៧៤ (ទាំងផ្នែកទន់ និងរូបវន្ត) និងថវិកាវិនិយោគប្រមាណ ៣៦,៦ប៊ីលានដុល្លារអាម៉េរិក ហើយដែលផែនការមេនេះ ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែសីហា ឆ្នាំ២០២៣។ ទន្ទឹមនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម» ដើម្បីគ្រប់គ្រងវិស័យនេះឱ្យមានប្រសិទ្ធភាព និងវឌ្ឍនភាព។ ចំណែកទិន្នន័យភស្តុភារកម្ម ក៏បានដើរតួនាទីយ៉ាងសំខាន់មិនសម្រាប់តែការវាស់វែងវឌ្ឍនភាពប៉ុណ្ណោះទេ ប៉ុន្តែជាត្រីវិស័យដ៏សំខាន់ក្នុងការតាក់តែងគោលនយោបាយ និងការរៀបចំផែនការយុទ្ធសាស្ត្រ ដោយផ្អែកលើភស្តុតាងជាក់ស្តែងផងដែរ៕រក្សាសិទ្ធិដោយ៖សុទ្ធលី




