ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលបានបញ្ចប់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយនិងការអនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ”។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមានប្រសាសន៍ថា តាមរយៈសន្និសីទនេះ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិអំពីការប្តេជ្ញាចិត្តដ៏មុតស្រួចក្នុងការទប់ស្កាត់ និងបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សមិទ្ធផលនេះ បានទទួលការអបអរសាទរនិងទទួលការគាំទ្រពីបណ្តាប្រទេសជាមិត្តនិងអង្គការអន្តរជាតិនានា ដែលបានទទួលស្គាល់ថា ពុំទាន់មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឯកឯងឡើយ ពោលគឺ មានតែកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការគោរពដែនអធិបតេយ្យប៉ុណ្ណោះ ទើបជាដំណោះស្រាយដ៏ពិតប្រាកដនិងចីរភាព៕

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ សម្តេចធិបតី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន និងអាទិភាពជីវិតប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់។ បន្ថែមលើនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមអន្តរាគមន៍គ្រប់មធ្យោបាយសម្រាប់ជួយសង្គ្រោះ ដោយសហការនិងគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ត។ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដាននិងព្យាករណ៍អាកាសធាតុ ជាពិសេសការប្រែប្រួលកម្ពស់ទឹក ត្រូវបង្កើនការជូនដំណឹងជាប្រចាំនិងទាន់ពេលវេលាដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះ និងតាមបណ្តោយមាត់ទន្លេ ដើម្បីត្រៀមបង្ការហានិភ័យខ្ពស់ចំពោះជីវិតមនុស្ស សត្វពាហនៈ និងទ្រព្យសម្បត្តិ និងជូនដំណឹងណែនាំដល់ប្រជានេសាទនៅតាមសមុទ្រ ឱ្យមានការយកចិត្តទុកដាក់លើអាកាសធាតុ និងគ្រោះថ្នាក់ផ្សេងៗ។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចធិបតី បានលើកឡើងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះនិងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេងនិងឧស្ម័នឥន្ធនៈដោយសង្រ្គាមនៅមជ្ឈិមបូព៌ា ក្នុងគោលបំណងសម្រាលបន្ទុកជីវភាពគ្រួសារ ចំនួន ៤.៦លាននាក់នៅទូទាំងប្រទេស ដោយចាប់ផ្តើមបើកសាច់ប្រាក់ចំនួន ៤លើក គឺ លើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា លើកទី២ នៅថ្ងៃទី១៦ ខែតុលា លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។ តាមរយៈកម្មវិធីអន្តរាគមន៍នេះ គ្រួសារគោលដៅនីមួយៗ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដោយគ្រួសានៅរាជធានីភ្នំពេញ ចំនួន ៦០ ០០០រៀល នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ ចំនួន ៤៨ ០០០រៀល នៅទីជនបទ ចំនួន ៤០ ០០០រៀល ហើយសមាជិកគ្រួសារក្នុងម្នាក់ៗទទួលបាន ៥ ០០០រៀលបន្ថែមទៀត។ ទន្ទឹមនេះ សម្តេចធិបតី បានណែនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការតាមរយៈយន្តការក្រុមប្រឹក្សាជាតិគំាពារសង្គមឱ្យបានពេញលេញដើម្បីអនុវត្តកម្មវិធីនេះ ប្រកបដោយជោគជ័យនិងប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តពង្រឹងកិច្ចការពារវប្បធម៌និងអត្តសញ្ញាណជាតិ និងយកចិត្តទុកដាក់ជំរុញការគ្រប់គ្រង និងការផ្សព្វផ្សាយវប្បធម៌ខ្មែរតាមកម្មវិធីសំខាន់ៗនានាជាមួយវិស័យឯកជន។

បន្ថែមលើនេះ សម្តេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន៦០០គ្រឿង បែកចែកជា៦គោលដៅពីរាជធានីភ្នំពេញទៅបណ្តាខេត្តនានា ដើម្បីបម្រើជូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។ ទន្ទឹមនេះ សម្តេចធិបតី បានផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងនៅជួរមុខ និងក្នុងប្រទេស ដែលបានបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ និងប្រជាជន៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>