លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា ក្រុមការងារបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កំពុងចល័តគ្រឿងចក្រចុះទៅជួសជុលសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឡើងវិញ
ចំណុចកំណាត់ផ្លូវជាតិលេខ៥៧-៧ ត្រង់ក្រុមទី៧ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូតដែលបាក់ស្រុតចិញ្ចើមផ្លូវ។
រដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែតញ្ញា ឆ្នាំ២០២៦
បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នយានយន្តដឹកទំនិញប្រភេទធំ និងធ្ងន់ ធ្វើដំណើរឆ្លងកាត់ ផ្លូវជាតិលេខ៥៧-៧ ត្រង់ចំណុច ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
រដ្ឋបាលស្រុកសំឡូត មានសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជា ពលរដ្ឋដែលប្រើប្រាស់ឡានដឹកទំនិញគ្រប់ប្រភេទ មេត្តាជ្រាបថា ៖ ក្រោយទទួលរងឥទ្ធិពលព្យុះ ជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំបានធ្វើអោយកើតមានទឹកជំនន់ទឹកភ្លៀង ដែលធ្វើឱ្យផ្លូវ ស្ពាន ក្នុងស្រុកសំឡូត រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានោះដែរនៅផ្លូវជាតិលេខ ៥៧-៧ ត្រង់ចំណុចភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ទឹកបានហូរច្រោះដាច់គែមខាងផ្លូវជាតិប្រវែងប្រមាណ ១៥ម៉ែត្រ។
ជាមួយគ្នានេះដែរ ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែល អាចកើតមានឡើងជាយថាហេតុ រដ្ឋបាលស្រុកសំឡូត សូមធ្វើការផ្អាកបណ្តោះអាសន្ននូវយានយន្តដឹកទំនិញ គ្រប់ប្រភេទដែលមានទម្ងន់ធ្ងន់ មានដូចជា រថយន្តយីឌុប រថយន្តដឹកសម្ភារៈសំណង់ រថយន្តដឹកកសិផល និង រថយន្តដឹកដីជាដើម ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥៧-៧ ត្រង់ចំណុចភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចូលរួមថែរក្សាផ្លូវ កុំអោយរងគ្រោះកាន់តែធ្ងន់ធ្ងរ និងបង្ការហានិភ័យក្នុងការធ្វើដំណើរ ។
ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកសំឡូត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តធំ និងធ្ងន់ នឹងអនុវត្តបានល្អនូវសេចក្តីជូនដំណឹងនេះ ដោយស្មារតី យោគយល់ និងសូមធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់ ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី








