ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា បានបើកសវនាការជំនុំជម្រះ លើ បណ្ដឹងឧទ្ធរណ៍ របស់បុរសជាប់ចោទ ម្នាក់ ដែលមានមុខរបរជាអ្នកបកប្រែភាសាចិន និង ធ្វើការជាមួយក្រុមវិនិយោគទុនចិន ជាប់ពាក់ព័ន្ធនឹងការ បោកលុយ ពី ពួកអ្នកវិនិយោគជនជាតិចិន២នាក់ ជាង១លានដុល្លារ អាមេរិក តាមរូបភាព យក លុយ ពីជនរង ដើម្បីរត់ការ យកអាជ្ញាប័ណ្ណ ធ្វើការវិនិយោគទុន លើការ រាវរករ៉ែមាស និង ថ្មម៉ាប នៅក្នុងខេត្តប៉ៃលិន ប្រព្រឹត្តនៅក្នុងអំឡុងឆ្នាំ ២០២៣។
លោកចៅក្រម កូវ សៅ ជា ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឱ្យដឹងថា: នៅក្នុង សំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទ ចំនួន៣ នាក់។
ជនជាប់ចោទទាំង៣ រូបមាន ឈ្មោះ៖
ទី ១-ឈ្មោះ ទិត វុទ្ធី ភេទប្រុស អាយុ៥៧ ឆ្នាំ កើតថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៦៩ ជាអតីត: អភិបាលរងខេត្តកំពង់ស្ពឺ។
ទី២៖ ឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៦ ឆ្នាំ ជាមន្ត្រីយោធា នៅខេត្តកំពង់ស្ពឺ។
ទី៣៖ ឈ្មោះ ម៉ឹង សារឿន ហៅ អ៊ុង វិនឆាយ ភេទប្រុស អាយុ ៤៥ឆ្នាំ មានមុខរបរមុនចាប់ខ្លួន ជាអ្នកបកប្រែភាសាចិន។
នៅក្នុងចំណោមជនជាប់ចោទទាំង៣រូបនេះ, ឈ្មោះ ទិត្យ វុទ្ធី និង ឈ្មោះ ហ៊ាវ ខន ហៅ តង ត្រូវបាន តុលាការខេត្តកំពង់ស្ពឺ កាត់ទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់៥ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ១០ លានេរៀល ដាក់ចូលក្នុងថវិការជាតិ។
អ្នកទាំង២ ត្រូវបានជាប់ចោទពីបទ: រំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារ សាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ, ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ចំណែកឯ ជនជាប់ចោទ ឈ្មោះ ម៉ឹង សារឿន ហៅ អ៊ុង វិនឆាយ) ភេទប្រុស ត្រូវជាប់គុក កំណត់៥ ឆ្នាំ តែ ទោសអនុវត្តនៅក្នុងពន្ធនាគារ ត្រឹមតែ ៣ ឆ្នាំ ប៉ុណ្ណោះ ទោសនៅសេសសល់ ត្រូវព្យួរទាំងអស់។ និង ពិន័យជាប្រាក់ ចំនួន ១០ លានរៀល ផងដែរ។
គាត់ត្រូវជាប់ចោទពីបទ:
សមគំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
តុលាការខេត្តកំពង់ស្ពឺ ក៏បានបង្គាប់ឱ្យ ជនជាប់ចោទទាំង៣ រូប ត្រូវ សងប្រាក់ ក្នុង ម្នាក់ៗ ចំនួន ៤០ ម៉ឺនដុល្លារអាមេរិក និង ចំនួន ១,២ លានដុល្លារអាមេរិកទៀត ទៅ ជនរងគ្រោះ ចំនួនពីរ ដែលជា អ្នកវិនិយោគទុនចិន និង ជាភាគីដើមបណ្ដឹងរដ្ឋប្បវេណី នៅក្នុង សំណុំរឿងនេះ។
ពួកគេទាំង៣រូប ត្រូវបានចាប់ឃាត់ខ្លួន ដោយ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និង ត្រូវឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែ មីនា ឆ្នាំ ២០២៥។
ក្នុងចំណោមជនជាប់ចោទទាំង៣រូបនេះ, ឈ្មោះ ទិត្យ វុទ្ធី និង ហ៊ាវ ខន មិនបានប្តឹង ឧទ្ទរណ៍ទេ។
តែ ឈ្មោះ ម៉ឹង សារឿន បានប្តឹងឧទ្ទរណ៍ ហើយ តំណាងអម សាលាដំបូងខេត្តកំពង់ស្ពឺ ក៏ បានប្តឹងឧទ្ទរណ៍ ជំទាស់នឹងការផ្តន្ទាទោស ឈ្មោះ ម៉ឹង សារឿន ផងដែរ ដោយសារតែការអនុវត្តន៍ ទោស ចំពោះគាត់ តែ៣ ឆ្នាំ និង ព្យួរ២ ឆ្នាំ ។
សំណុំរឿងក្តីព្រហ្មទណ្ឌនេះ សាលាឧទ្ធរណ៍ ភ្នំពេញ នឹង ប្រកាសសាលដីកា នៅថ្ងៃទី ២២ ខែ តុលា ខាងមុខនេះ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







